ក្រសួងអប់រំចេញវិធានការប្រាំប្រការ ដើម្បីចៀសវាងសិស្សត្រូវរៀនគួរដែលបង្កើនបន្ទុកចំណាយរបស់ឪពុកម្តាយសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំយុវជន កីឡានៅថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះចេញសេចក្តីថ្លែងការណ៍មួយដោយចែងពីវិធានចំនួនប្រាំចំណុចដើម្បីដោះស្រាយកង្វល់មាតាបិតា អាណាព្យាបាលសិស្សទាក់ទងនឹងការបង្រៀនគួរ ដែលជាការបង្កើនបន្ទុកចំណាយសម្រាប់ពួកគាត់ ។ពិសេសគ្រួសារក្រីក្រ ។

សេចក្តីថ្លែងការណ៍បានរំលេចថា កន្លងមក ក្រសួងបានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើន ម៉ោងសិក្សាយ៉ាងតិចពីរម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពី ការពង្រឹងយន្តការរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សនៅកម្រិតសាលារៀន រួចមកហើយ។

ក្រសួងអប់រំបានគូសបញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីណែនាំដូចបានរៀបរាប់ខាងលើឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់ ក្រសួងសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
១. គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀននិងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
២- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និង ពង្រឹងការរៀននិងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ
៣- គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង
៤- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែមនិង៥.មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សានិងរៀនសូត្រនៅផ្ទះ។

បើតាមក្រសួងអប់រំ ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការ បង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។
ទន្ទឹមនេះក្រសួងអប់រំ យុវជន និងកីឡាបានស្នើសុំឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង សាធារណជនទាំងអស់ ចូលរួមតាមដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner