ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ភាពជោគជ័យនៃការងារនីមួយៗ ទាមទារឱ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅអង្គភាពផ្តល់សេវាសាធារណៈ ចំនួនពីរ គឺមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពទទួលជ័យលាភីចំណាត់ថ្នាក់លេខ២។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ។ទស្សនកិច្ចនេញដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងលោកគ្រូ អ្នកគ្រូបង្រៀន ក៏ដូចជាចុះពិនិត្យដោយផ្ទាល់នៅកន្លែងកំពុងបម្រើការងារក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពបង្ហាត់បង្រៀនសិស្សានុសិស្សផងដែរ ។

សូមជម្រាបថា មណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល។ អង្គភាពដែលចូលរួមត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍សុក្រឹត្យភាព តម្លាភាព និងសមិទ្ធិកម្ម របស់អង្គភាពផ្តល់សេវាពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ការវាយតម្លៃត្រូវផ្តោតលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន៨។ ក្នុងនោះ មណ្ឌលសុខភាព គោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានសរសេរលើទំព័រហ្វេសប៊ុកថា អ្វីដែលជាការកត់សម្គាល់នៅក្នុងបេសកកម្មចេញពីជំនួបទាំងនេះ គឺការសង្កេតលើស្មារតីសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមក រវាងតួអង្គដឹកនាំអង្គភាពនីមួយៗ និងមន្ត្រីរាជការដែលជាប្រតិបត្តិករទាំងអស់ រួមទាំងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចគោលដៅរួម។ គោលដៅនោះ គឺជាការទទួលបានការសាទរ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយដែលអាចឈានដល់ការទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាល ។

ឯកឧត្ដមបន្តថា «ជាការពិត ភាពជោគជ័យនៃការងារនីមួយៗ ទាមទារឱ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា រួមទាំងកត្តាគួបផ្សំដទៃទៀត។ ប៉ុន្តែ កត្តាដែលខ្ញុំគិតថាជាគន្លឹះជំរុញសំទុះនៃភាពជោគជ័យលើការងារនោះ គឺកត្តាមនុស្ស។ កត្តាមនុស្សក្នុងករណីនេះ គឺជាមន្ត្រីរាជការរបស់យើងក្នុងនាមជាប្រតិបត្តិករ ដែលមានទឹកចិត្ត ឆន្ទៈ និងការលះបង់ខ្ពស់ ក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរ ព្រមទាំងលើកទឹកចិត្តឱ្យបន្តភាពជាគំរូនេះសម្រាប់អង្គភាពផ្សេងៗទៀត និងសូមបន្តឧត្តមភាពនៃមន្ត្រីរាជការនេះ ដើម្បីសហគមន៍យើង និងប្រទេសជាតិយើង» ៕
ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner