ឯកអគ្គរាជទូតកាតាបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ការអះអាងនេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តម Khalid Ali Abdullah Abel បាននាំនូវការសួរសុខទុក្ខពីឯកឧត្តម នាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជា។បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងអាណត្តិការទូតនៅកម្ពុជា ឯកលោកប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់ កម្រិតខ្ពស់បន្ថែមទៀត។លោកបញ្ជាក់ អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Khalid Ali Abdullah Abel និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ។សម្តេចធិបតី បានបញ្ជាក់ជូនលោករាជទូតកាតាថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner