ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិបង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងអាមេរិក-កម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ នៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ។ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក។ឯកឧត្តមបានរំលេចថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេលប្រាំបីខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែតបអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។ ជាមួយគ្នានេះអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។

ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នាក្នុងការដាក់ចេញនូវសកម្មភាពដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ ឯកឧត្តមមានជំនឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន រួមមាន អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។ នាឱកាសនេះ សម្តេចធិបតី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ជូនឯកឧត្តម ផាទ្រីក មើហ្វីផងដែរ។

សម្តេចធិបតី បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner