អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ពីការទៅចូលរួមពិនិត្យរបាយការណ៍ឡើងវិញជាសកលតាមការកំណត់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ភ្នំពេញ៖ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការទៅចូលរួមពិនិត្យរបាយការណ៍ឡើងវិញជាសកលតាមការកំណត់ (UPR) ដែលឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាដែលមានមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទៅចូលរួមការពិនិត្យរបាយការណ៍ឡើងវិញជាសកលតាមការកំណត់នេះ (ជុំទី៤) ប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេស្វីស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ការទៅចូលរួមពិនិត្យរបាយការណ៍នេះ ជាទម្រង់សន្ទនាបែបស្ថាបនាជាមួយនឹងតំណាងប្រទេសផ្សេងៗទៀត គឺមិនមែនជាវេទិកាសម្រាប់បន្ទោសបង្អាប់រិះគន់វាយប្រហារគ្នាលើបញ្ហាសិទ្ធិមនុស្សនោះទេ។ លោកបន្តថា ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាក៏ដូចជាសមាជិកដទៃទទៀតដែរ គឺមានកាតព្វកិច្ចក្នុងការរៀបចំនឹងបញ្ជូនរបាយការណ៍ UPR ទៅអង្គការសហប្រជាជាតិក្នុងចន្លោះពី ៤ឆ្នាំកន្លះ ទៅ៥ឆ្នាំ។ ព្រមទាំងត្រូវចូលរួមពិនិត្យរបាយការណ៍នេះជាទម្រង់សន្ទនាបែបស្ថាបនាជាមួយនឹងតំណាងប្រទេសផ្សេងៗទៀត។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា យន្តការនៃការពិនិត្យឡើងវិញជាសកលតាមការកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺមិនមែនជាវេទិកាសម្រាប់បន្ទោសបង្អាប់រិះគន់វាយប្រហារគ្នាលើបញ្ហាសិទ្ធិមនុស្សនោះទេ។ ប៉ុន្តែវាជាវេទិកាសម្រាប់កិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋក្នុងគោលបំណងចែករំលែកនិងផ្លាស់ប្តូរនៅការអនុវត្តល្អៗ បទពិសោធន៍ចំណុចខ្វះខាត និងបញ្ហាប្រឈមផ្សេងៗ។ ទោះបីជាកម្ពុជាក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ក្រសួងស្ថាប័នពាក់ព័ន្ធនានាបានខិតខំអនុវត្តនៅអនុសាសន៍ទាំង១៧៣ បានយ៉ាងភ្ជាប់ខ្ជួនដែលជាការឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការលើកកម្ពស់ក៏ដូចជាការការពារសិទ្ធិផងដែរ។

អ្នកនាំពាក្យបានបញ្ជាក់ថា បើក្រឡេកមើលសេរីភាព នៃការបញ្ចេញមតិវិញ គឺមានភាពទូលំទូលាយ យើងបានឃើញការប្រើប្រាស់នៅប្រព័ន្ធ social madai ហ្វេសប៊ុក មានអ្នកប្រើប្រាស់ចំនួន ១៣លាននាក់ មិនទាន់រាប់បញ្ចូលទាំងតេឡេក្រាម ឡាញ វើសអាប់ និងបណ្តាញសង្គមផ្សេងៗទៀតផង។ ស្ថាប័នអង្គភាពព័ត៌មានមានជាង២ពាន់ស្ថាប័ន មានអ្នកសារព័ត៌មានរាប់ម៉ឺននាក់ ដែលក្នុងនោះក៏មានអ្នកសារព័ត៌មានដែលមាននិន្នាការរិះគន់រាជរដ្ឋាភិបាលផងដែរ កំពុងតែដំណើរការនៃកិច្ចការរបស់ខ្លួនទាំងបែបប្រពៃណី និងតាមប្រព័ន្ធឌីជីថលដោយពុំមានការពិនិត្យជាមុនទេ៕
ដោយ៖ពលជ័យ

ads banner