ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្តបេសកកម្មពីសម្តេចតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។

ការអំពាវនាវនេះ ក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ (នៅទល់មុខជាមួយទីស្តីការក្រសួងមុងងារសាធារណៈ) ដែលស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទី១ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។

ឯកឧត្តមបានរំលេច កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា “សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បានជម្នះនូវបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ ដើម្បីទទួលបានជ័យជម្នះ និងសន្តិភាពពេញលេញ ហើយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងកសាងរហូតឈានដល់ការអភិវឌ្ឍប្រទេសដូចបច្ចុប្បន្ន។”
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ

ads banner