រយៈពេល ១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ
(កណ្ដាល)៖ រយៈពេល ១៧ខែ នៃការដឹកនាំរបស់អ្នកបន្ដវេន បាននិងកំពុងធ្វើបានយ៉ាងល្អ ពិសេសការរក្សាបានទាំងស្រុងនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ សង្គម និងជំរុញកំណើនសេដ្ឋកិច្ច បន្ដការអភិវឌ្ឍ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី រួមជាមួយសហការី ដែលពោរពេញទៅដោយសក្ដានុពល ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា ក្រុមបន្ដវេនគេកំពុងបង្កើនល្បឿន ម្ខាងគឺរក្សាសុខសន្ដិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ពិសេសសន្ដិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ម្ខាងទៀត ធានាដល់ការអភិវឌ្ឍជាបន្ដ កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំបន្ដវេនក៏មានជាង៥.៦ភាគរយ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤កន្លងទៅ ក៏មាន៦ភាគរយដែរ ហើយឆ្នាំនេះអាចមានកំណើនលើស ក្នុងរយៈពេល១៧ខែមកនេះ គ្មានការភ័យខ្លាចណាមួយក្នុងការបាត់បង់សន្ដិភាពទេ ។
សម្ដេចតេជោ បន្តថា បើទោះបីក្រោយសម្ដេច ចូលគាល់ព្រះមហាក្សត្រ និងប្រកាសជាសាធារណៈ អំពីការចុះចេញពីតំណែងជានាយករដ្ឋមន្ដ្រី មានការព្រួយបារម្ភអំពីស្ថានភាពរបស់ប្រទេសកម្ពុជា ប៉ុន្ដែនៅពេលនេះ រយៈពេល ១៧ខែ គឺបានចេញនូវចម្លើយយ៉ាងជាក់ច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ក្នុងការបន្ដឲ្យអ្នកជំនាន់ក្រោយដឹកនាំប្រទេស ។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ត្បិតកម្ពុជា បានពើបប្រទះជាមួយការលំបាកខាងផ្នែកសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩ និងក្រោយសង្គ្រាមនៅរុស្ស៉ី-អ៊ុយក្រែន ព្រមទាំងទណ្ឌកម្មច្របូកច្របល់នៅលើពិភពលោក ដែលមានផលប៉ះពាល់ដល់កម្ពុជា ប៉ុន្ដែសម្រាប់កម្ពុជាទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៤កន្លងទៅនេះ គឺមានជាង៥៥ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣ ។ ផ្អែកតាមទិន្នន័យរយៈពេលពេញមួយ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ពាន់លានដុល្លារ កើនឡើង១៥.៧% ខណៈការនាំចូលមានទឹកប្រាក់២៨.៥៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបន្ដថ្លែងនូវការអរគុណសារជាថ្មី ដល់ជនរួមជាតិគ្រប់រូប ដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេច ក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។ ខណៈការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺជារឿងសំខាន់ ហើយមានមនុស្សយកចិត្តទុកដាក់ខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-36-14-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-36-15-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-36-15-1024x682.jpg)
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ