ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា
(ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_17-31-47-1024x682.jpg)
សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_17-31-29-777x1024.jpg)
សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_17-31-32-799x1024.jpg)
ជាការឆ្លើយតប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_17-31-56-1024x682.jpg)
ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។
សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភាមានជំនឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_17-31-37-1024x682.jpg)