អឺរ៉ុបតំឡើងពន្ធមុខទំនិញអាមេរិក ២៨ពាន់លានដុល្លារ ទុកជាការវាយបកភ្លាមៗ

បរទេស៖ គណៈកម្មការអឺរ៉ុបនឹងតំឡើងពន្ធ លើមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃសរុប ២៨ពាន់លានដុល្លារ ដោយគ្រោងនឹងអនុវត្ត ចាប់ពីខែក្រោយនេះ តទៅ ទុកជាការវាយបកភ្លាមៗ ចំពោះការតំឡើងពន្ធរបស់លោក Trump។

ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ កាលពីថ្ងៃពុធថា ការសងសឹកយ៉ាងឆាប់រហ័ស ពីសំណាក់អឺរ៉ុបបែបនេះ ធ្វើឡើង ដើម្បីទុកជាការឆ្លើយតបភ្លាមៗ នឹងការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប ដែលចូលជាធរមាន នៅថ្ងៃទី១២ ខែមិនា នេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា គណៈកម្មាការនេះនឹងចាប់ផ្តើមតំឡើងពន្ធ លើផលិតផលអាមេរិក ចាប់នៅថ្ងៃទី ១ ខែមេសា។ លោកស្រីបន្តថា អឺរ៉ុបក៏នឹងដាក់ចេញនូវកញ្ចប់ថ្មី នៃវិធានការតបត លើទំនិញអាមេរិក ១ជំហានទៀត នៅពាក់កណ្តាល ខែមេសា ហើយការណ៍នេះគឺត្រូវនឹងវិសាលភាពសេដ្ឋកិច្ចនៃពន្ធ របស់សហរដ្ឋអាមេរិក។

មិនមែនតែអឺរ៉ុបទេ ដែលលោក Trump បានសម្រេចបង្កើនពន្ធ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូម ក្នុងនោះក៏ មានរួមទាំង បណ្តាសម្ព័ន្ធមិត្តសំខាន់ៗ ផ្សេងទៀត ដូចជា កាណាដា អង់គ្លេស និង ជប៉ុន ជាដើម។ លោកប្រធានាធិបតីរូបនេះចាត់ទុកថា ជាស្ដារឡើងវិញនូវពន្ធសកល ប្រកបដោយប្រសិទ្ធភាព ភាគច្រើន លើការនាំចូលលោហធាតុទាំងអស់ និងដើម្បីពង្រីកកាតព្វកិច្ចរបស់អាមេរិក ដល់ផលិតផលរាប់រយមុខដែលផលិតចេញពីលោហធាតុ រាប់ចាប់ពីគ្រាប់ខ្ចៅ ប៊ូឡុង រហូតដល់ កាំបិត និង កំប៉ុងភេសជ្ជៈ ជាដើម៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner