លោក Trump ឲ្យបញ្ចប់គម្រោងផ្ទះសមរម្យ ដល់ប្រជាជនអាមេរិកក្រៗ

បរទេស៖ គម្រោងផ្ទះសមរម្យ សម្រាប់ប្រជាជនអាមេរិកក្រីក្រ ដែលមានតម្លៃសរុប ១ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋបាលលោក Trump សម្រេចបញ្ចប់ហើយ នេះបើតាមឯកសារ ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយ កាលពីថ្ងៃពុធ។

កាសែត Associated Press បានឱ្យដឹងថា កន្លងមក កម្មវិធីនេះ ជួយឲ្យមានលំនៅដ្ឋានសមរម្យ សម្រាប់ប្រជាជនអាមេរិក ដែលមានចំណូលទាប ដោយយកមូលនិធីនេះ ផ្តល់ជាជំនួយ និង កម្ចីដល់ ម្ចាស់លំនៅដ្ឋាន យកមកជួសជុល កែលម្អផ្ទះ ដែលមានដំបូលលេចធ្លាយ, អ៊ីសូឡង់ចាស់ៗ ឬ ប្រឈមទឹកជំនន់ ជាដើម។

ប្រភពបានបន្តថា ការបញ្ចប់គម្រោងនេះ គឺជាផ្នែកមួយ នៃការកាត់បន្ថយ និងការផ្អាកការផ្តល់មូលនិធិ លើនាយកដ្ឋានលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង របស់សហរដ្ឋអាមេរិក តាមការការណែនាំ ពីប្រធានាធិបតី Donald Trump និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោកមហាសេដ្ឋី Elon Musk ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ឧស្សាហកម្មលំនៅដ្ឋានសមរម្យ។

គួររម្លឹកថា អាផាតមិនជួល ថោកៗនៅអាមេរិក រាប់រយពាន់ខ្នង ភាគច្រើន មានវ័យចំណាស់ និងត្រូវការការជួសជុល ជាបន្ទាន់ ប្រឈមនឹងហានិភ័យ សម្រាប់ជនជាតិអាមេរិក ដែលក្រីក្រ ដូច្នេះហើយបានជាកម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយកែលម្អផ្ទះចាស់ៗ ប្រមាណ២៥,០០០ខ្នង ទូទាំងប្រទេស ហើយគម្រោងនេះ ត្រូវបានអនុម័តដោយសភា កាលពីឆ្នាំ២០២២។

អ្នកនាំពាក្យ របស់នាយកដ្ឋានលំនៅដ្ឋានអាមេរិក មិនបានឆ្លើយតបទៅនឹងសំណើ ម្តងហើយម្តងទៀត សម្រាប់ការធ្វើអត្ថាធិប្បាយទេ ពីសំណាក់ទីភ្នាក់ងារព័ត៌មាន APទេ។ ប៉ុន្តែ ឯកសារផ្ទៃក្នុង ដែលត្រូវបានពិនិត្យដោយ AP បានរៀបរាប់ថា កម្មវិធីនេះកំពុងត្រូវបានបញ្ចប់ តាមទិសដៅ របស់នាយកដ្ឋាន DOGE៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner