ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការ​បង្កើត​ប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រ​សាស​ន៍​បញ្ជាក់ថា នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុង​ការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្ម​ស្បៀងសម្រាប់កងទ័ព ដោយបានស្នើសុំអោយអង្គភាពកង​ទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់កងទ័ពផងដែរ ។

នេះជាការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពី​ការ​ងារអាទិភាពដែលក្រសួងកំពុងអនុវត្តស្របតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ បង្កើត​បរិយាកាសគ្មានវិវាទ ការរៀបចំសម្បទានដីសង្គមកិច្ច ការរៀប​ចំ​ដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម ។ ការចុះបញ្ជី​ដីធ្លី​បង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់​កាប់ដីធ្លី​ស្រប​ច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើន​សេដ្ឋកិច្ចជាតិ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូច​ជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញ​ពីភាពក្រីក្រដូច្នោះដែរ ។

ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ​អគ្គ​បញ្ជា​ការដ្ឋានកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណ​ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែល​បានផ្ដល់​យោបល់ជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ។
ចំពោះគោលនយោបាយសម្បទានដីសង្គមកិច្ច ឯកឧត្តមមាន​បំណងចង់ឱ្យមានការផ្ដល់ដីដល់អតីតយុទ្ធជន និងគ្រួសារដែល​ក្រីក្រលំបាកខ្វះខាតពិតប្រាកដ ដើម្បីឲ្យពួកគាត់មានដីសម្រាប់​រស់​នៅនិងបង្កបង្កើនផលបង្កើនជីវភាពគ្រួសារ ។

ឯកឧត្តមអគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ពិចារណាគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាព​រស់នៅរបស់អតីតយុទ្ធជនកម្ពុជា និងគ្រួសារក្រីក្រតាម​រយៈការ​ផ្ដល់​ដីសម្បទានសង្គមកិច្ចនេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner