រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គាំទ្រសំណើរកម្ពុជាទាំងស្រុងលើជំនួយបច្ចេកទេសបញ្ជូនអត្តពលិកហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូមកបង្វឹកនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងគូសបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងបើកភ្លើងខៀវទទួលគាំទ្រសំណើរស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង លើការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងបញ្ជូនគ្រូបង្វឹកមកបង្វឹកអត្តពលិកដល់កម្ពុជា ហើយគម្រោងនេះ មានរយៈពេលវែងរហូតដល់កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ឯនោះ។
ការបង្ហើបអំពីគម្រោងស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយជំនួបសំម្តែងការគួរសម និងសំណេះសំណាល ធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រវាង ឯកឧត្តម វ៉ាត់ ចំរើ និង លោក Zeng Huacheng អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា សម្រាប់គ្រោងនេះ រដ្ឋាភិបាលចិនបានឯកភាព និងកំពុងធ្វើការពន្លឿន ដើម្បីនាំយកអត្តពលិកកម្ពុជាទៅពង្រឹងសមត្ថភាពនៅចិន និងនាំយកគ្រូបង្វឹកចិនមកកម្ពុជាបង្វឹកដល់អត្តពលិកកម្ពុជា មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។
ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា គម្រោងដែលផ្តល់ដោយរដ្ឋាភិបាលចិនជួយលើជំនួយបង្វឹកផ្នែកបច្ចេសទេសដល់កម្ពុជានេះ ក្នុងមួយឆ្នាំៗចិនចំណាយចាប់ពីមួយលានដុល្លារឡើងទៅ ព្រោះត្រូវរាបរងលើការចំណាយរបស់អត្តពលិកកម្ពុជា លើការស្នាក់នៅ ហូបចុក និងការធ្វើដំណើរជាដើម។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងគម្រោងស្នើសុំនេះ ក្រៅពីជំនួនលើបច្ចេកទេសបង្វឹកនិងបង្ហាត់អត្តពលិកកម្ពុជាពង្រឹងផ្នែកបច្ចេកទេសដោយគុណភាព ក្នុងនោះ ក៏មានការផ្តល់នូវការថែទាំងសម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិនផងដែរ។
គម្រោងនៃការផ្ដល់ជំនួយខាងលើ គឺជាជំនួយរដ្ឋាភិបាលចិន តាមរយៈក្រសួងពាណិជ្ជកម្មចិន ផ្ដល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន NOCC និងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកសម្របសម្រួល ។
សូមបញ្ជាក់ថា តាមរយៈគម្រោងនេះ អត្តពលិកកម្ពុជានឹងបញ្ជូនទៅហ្វឹកហាត់នៅសាធារណៈប្រជាមានិតចិន មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងចន្លោះពី៣ទៅ៦ខែ ចំនួន ១៦១នាក់ ក្នុងនោះអត្តពលិកដែលបញ្ចូនទៅគឺត្រូវបានជ្រើសយកតែសហព័ន្ធកីឡាជាតិណាមានសក្កានុពលធ្លាប់ឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ