អាមេរិករំពឹងប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងរ៉ែ
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានថ្លែង ដោយការរំពឹងទុកថា កិច្ចព្រមព្រៀងរ៉ែ ដែលគ្រោងចុះហត្ថលេខា ខាងមុខនេះ នឹងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវផលប្រយោជន៍សេដ្ឋកិច្ច ជាថ្នូរនឹងការការពារសន្តិសុខ ដល់អ៊ុយក្រែន។
លោក Marco Rubio បាននិយាយ កាលពីថ្ងៃពុធ ប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំនឹងមិនយកកិច្ចព្រមព្រៀងនេះ មកធានាសន្តិសុខទេ ប៉ុន្តែ ប្រាកដណាស់ ប្រសិនបើសហរដ្ឋអាមេរិក មានផលប្រយោជន៍សេដ្ឋកិច្ច ដែលផ្តល់ប្រាក់ចំណូល ដល់ប្រជាជនរបស់យើង ក៏ដូចជា សម្រាប់ប្រជាជនអ៊ុយក្រែន យើងនឹងមានផលប្រយោជន៍ ក្នុងការការពារសន្តិសុខ»។
លោកបាននិយាយបែបនេះ នៅពេលយន្តហោះរបស់លោក បានឈប់ចាក់សាំង នៅប្រទេសអៀរឡង់ ពោលគឺបន្ទាប់ពីការធ្វើដំណើរ ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត។ នៅទីនោះ មន្ត្រីអាមេរិក និងមន្ត្រីអ៊ុយក្រែន បានយល់ព្រម ចុះហត្ថលេខា ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន នូវកិច្ចព្រមព្រៀងរ៉ែ ដែលផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពទទួលបានទ្រព្យសម្បត្តិធម្មជាតិ របស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ខកខានមិនបានចុះហត្ថលេខា បន្ទាប់ពីជំនួបសេតវិមាន ដ៏មហន្តរាយ នៅថ្ងៃទី២៨ ខែកុម្ភៈ រវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត