ក្នុងជំនួបជាមួយទូតរុស្ស៊ី សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយ​រហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ

(ភ្នំពេញ)៖ ខណៈអនុញាតិឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គ​រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី​ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដី​សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំ​ណោះ​ស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ ព្រោះមាន​តែការចរចាតែប៉ុណ្ណោះ ដែលអាចបញ្ចប់សង្គ្រាមបាន ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបាន​ឲ្យ​ដឹងថា ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានគូសរំលេចអំពីទំនាក់ទំនងប្រទេសកម្ពុជា និងរុស្ស៊ី ដែល​បាន​ភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង ហើយជាទំនាក់ទំនង​ដែលទុកចិត្តគ្នា។ ឯកឧត្តមបានរំលេចទៀតថា ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឆ្នាំ២០២៦​ខាង​មុខ ប្រទេសទាំងពីរ ជាពិសេស ប្រទេសរុស្ស៊ី បានត្រៀមខ្លួន​ជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈ​ទំនាក់​ទំនង​ល្អនេះ មិនត្រឹមតែនីតិប្រតិបត្តិទេ នីតិបញ្ញត្តិ​រវាង​ប្រទេសទាំងពីរ ក៏មានភាពល្អផងដែរ ដោយឯកឧត្តមវាយតម្លៃខ្ពស់ ចំពោះទំនា​ក់ទំនងសភារុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អ​ប្រ​សើរជាបន្តបន្ទាប់ដែលធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។

ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សី ផងដែរ ក្នុងការ​ភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងបក្ស និងបក្ស ។ ឯកឧត្តមក៏​បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ដែលពាណិជ្ជកម្មរវាង​ប្រ​ទេសទាំងពីរមានចំនួន ២៩លានដុល្លារ ។

ឯកឧត្តមក៏បានរំលេចអំពីអ្វីដែលរុស្ស៊ី ធ្លាប់ជួយដល់កម្ពុជា លើវិស័យអប់រំ ដោយក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សា​នៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង ៨ពាន់នាក់ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ ហើយនៅខួប​ទី៧០ឆ្នាំខាងមុខនេះ វិស័យនីតិបញ្ញត្តិ ក៏ត្រៀមរៀបចំ​ធ្វើជា​មួយគ្នាផងដែរ ។ ជាមួយគ្នានោះ យើងក៏មានវិស័យយោធា ព្រមទាំងវិស័យដទៃទៀត ដែលរុស្ស៊ី កំពុងខិតខំប្រឹងប្រែងធ្វើ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសនោះ ឯកឧត្តម​ក៏បានលើកឡើងពីស្ថានភាពតំបន់ បញ្ហាស្ថានភាពពិភពលោក ជាមួយសម្ដេចតេជោផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងរុស្សី ហើយសម្ដេច​ក៏​បានអរគុណដែលឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងអំពីការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែល​ជារឿងមិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពី​នៅជាអតីតសហភាពសូវៀត ដែលបានជួយបណ្ដុះបណ្ដាល​ធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបាន​បម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា ទំនាក់​ទំនង​នីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ដែលស្ថាប័នព្រឹទ្ធ​សភា​កម្ពុជា និងសភារុស្ស៊ី ដែលបានខិតខំប្រឹងប្រែងជំរុញឲ្យ​ទំនាក់​ទំនងក្នុងស្ថាប័ននេះ មានភាពរីកចម្រើន។

ទាក់ទងទៅនឹងទំនាក់ទំនងបក្សវិញ សម្ដេចតេជោ ក៏បាន​ជំរុញ​ឲ្យមានការភ្ជាប់គណបក្ស នៃប្រទេសទាំងពីរ ហើយសម្ដេច​តេ​ជោ ក៏មានបំណងអញ្ជើញឯកឧត្តម ឌីមីទ្រី មេដវេដេវ ដែលជា​ប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញ​ទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា តាមពេលវេលា​ណាមួយ​ខាងមុខ ។

សម្ដេចតេជោ បានមានប្រសាសន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា ដោយ​សម្ដេច​ចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការ​កើនឡើងដែរ ដោយបច្ចុប្បន្ននេះ មានតែ ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់​ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយ ដោយភាគី​ទាំង​ពីរ គួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និង​ការវិនិយោគ រវាងប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner