មេធំគ្រឿងញៀនត្រៀមធ្វើបត្យាប័នទៅអាមេរិក
បរទេស ៖ មេធំគ្រឿងញៀនម្នាក់ ក្នុងចំណោម ១០០នាក់ ដែលត្រូវបានប៉ុនប៉ងចាប់ខ្លួនខ្លាំងបំផុត ពីសំណាក់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ត្រូវបានផ្ទេរ ទៅកាន់ប្រទេស ហ្គាតេម៉ាឡា មុនពេលធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសហ្គាតេម៉ាឡា លោក Francisco Jimenez បាននិយាយថា មេជួញដូរគ្រឿងញៀនរូបនេះ មានឈ្មោះ Aler Baldomero Samayoa ហើយត្រូវចាប់ឃាត់ខ្លួនដំបូង នៅប្រទេសម៉ិកស៊ិក។ លោក Samayoa ត្រូវបានចោទប្រកាន់ ពីបទដឹកនាំក្រុមមួយ ដែលមានឈ្មោះថា Los Huistas។ ក្រុមនេះធ្លាប់បានជួញដូរ កូកាអ៊ីន ដែលជាប់ព្រំដែន សហរដ្ឋអាមេរិក ចេញពីអាមេរិកខាងត្បូង ទៅកាន់ក្រុមជួញដូរ នៅប្រទេស ម៉ិកស៊ិក។
ការចាប់ខ្លួនរូបលោក Samayoa បានកើតឡើង ស្របពេលដែលប្រទេសម៉ិកស៊ិក និងប្រទេសជិតខាងរបស់ខ្លួន ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀន ខុសច្បាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត