សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមានទេសចរឥណ្ឌាមកកាន់កម្ពុជាកាន់តែច្រើន ខណៈកាលពីឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរណ៍ឥណ្ឌាប្រមាណ ៧ម៉ឺននាក់
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត ខណៈកន្លងមកមានដែរ ប៉ុន្តែសង្ឃឹមថា នឹងមានឈើហោះហើរកើនឡើងទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសឥណ្ឌា មានប្រជាជនច្រើន ហើយសម្ដេចសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើង ដោយសារបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍ឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៤ មានរហូតដល់ ៧ម៉ឺននាក់ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបបនេះ ក្នុងឱកាសអញ្ជើញទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលមានភាពល្អប្រសើរជាមួយគ្នា ជាពិសេស ទំនាក់ទំនងទាំងក្នុងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ហើយឯកឧត្តមប្ដេជ្ញាចិត្តថា ក្នុងអាណត្តិរបស់ឯកឧត្តមជាអគ្គរដ្ឋទូត និងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អ រួមទាំងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ កាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ឱ្យមានការកើតឡើងថែមទៀត ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរំលេចថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ១៩៥២ មក ខណៈដែលឆ្នាំ២០២៧ ខាងមុខ គឺជាខួប ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម បានរំលេចអំពីការត្រៀមខ្លួនរបស់ឥណ្ឌា ដោយធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យមានការចាប់អារម្មណ៍ខ្លាំង ។
ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានរំលេចដែរថា មានចំណុចសំខាន់ជាច្រើនទៀត ដែលប្រទេសទាំងពីរ ត្រូវការពង្រឹងបន្ថែមទៀត ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម ក្នុងការញ៉ាំងនូវទំនាក់ទំនងទាំងនយោបាយរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកម្ពុជាកន្លងមក ដែលមានភាពល្អប្រសើរ ប៉ុន្តែសម្ដេច ចង់ឃើញទំនាក់ទំនងនេះ ឈានទៅដល់មួយកម្រិតបន្ថែមទៀត ជាពិសេស ទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដោយសម្ដេចតេជោ បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទាក់ទងទៅនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរថា មានការកើនឡើង ប៉ុន្តែការកើនឡើងនេះ នៅមិនទាន់សមស្របនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ដោយបច្ចុប្បន្ននេះពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានប្រមាណតែជាង ៣៤០លានដុល្លារទេ ដូច្នេះសម្ដេចចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគផងដែរឱ្យស្របទៅនឹងសក្ដានុពលនៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
នៅក្នុងឱកាសនោះដែរ ឯករដ្ឋអគ្គរដ្ឋទូត មានប្រសាសន៍តបទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ទាក់ទងនឹងពាណិជ្ជកម្ម ដោយ ឯកឧត្តមបានសន្យាផងដែរថា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដោយជំរុញការធ្វើទំនាក់ទំនងអ្នកវិនិយោគរបស់ឥណ្ឌា មករកស៊ីនៅក្នុងប្រទេសកម្ពុជា កានើតែច្រើន ហើយនឹងព្យាយាមពន្យល់ទៅកាន់ពលរដ្ឋឥណ្ឌា ឱ្យមកទស្សនានៅក្នុងប្រទេសកម្ពុជា បានច្រើនថែមទៀត ពីព្រោះប្រទេសទាំងពីរ មានចំណងមិត្តភាព ក៏ដូចជាមានការទាក់ទងគ្នាយូរអង្វែងដែរហើយ ។ ក្នុងន័យនេះ ការប្ដេជ្ញាក្រោមអាណត្តិរបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះជាមួយកម្ពុជា ។
បន្ថែមពេលនេះ ឯកឧត្តមបានរំលេចពីវិស័យអប់រំ ដែលឥណ្ឌា បានចូលរួមចំណែកជួយដល់កម្ពុជា ក្នុងននោះ សម្ដេចតេជោ បានស្វាគមន៍ គាំទ្រឯកភាពផងដែរ ដោយសារតែកន្លងមក ឥណ្ឌាបានផ្ដល់អាហារូបករណ៍ដល់វិស័យអប់រំកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃបន្ថែមទៀត និងការចូលរួមចំណែកផ្ដល់ជំនួយដល់កម្ពុជា ក្នុងគ្រាលំបាក តាំងពីឆ្នាំ១៩៨១ ក្រោយពីសម្ដេចតេជោ បានទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌា កាលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស ។ ដូច្នេះ ជំនួយរបស់ឥណ្ឌា បានជួយមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពទំនាក់ទំនងប្រទេសទាំងពីរ គឺមានភាពល្អប្រសើរ និងត្រូវតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ