កំពង់ធំ៖ស្មារតីត្រៀមអនុវត្តភារកិច្ចក៏មាន បង្កើតស្បៀងនៅកន្លែងក៏ធ្វើ
កំពង់ធំ ៖ទោះបីរដូវក្តៅហួតហែងបន្តិចក្តី ក៏ដំណាំបន្លែបង្កានានាដែលដាំដុះដោយយោធិននៃការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សម្រាប់ផ្គត់ផ្គង់ផ្ទះបាយ កំពុងតែលូតលាស់ស្រស់បំព្រងដែរ។

លោកវរសេនីយ៍ទោ ហួន ប៊ុនចែម នាយការិយាល័យអភិវឌ្ឍន៍បាននិយាយកាលពីព្រឹកថ្ងៃទី១៣ ខែមីនាថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការិយាល័យអភិវឌ្ឍន៍ មានភារកិច្ចដាំបន្លែបង្ការ និងចិញ្ចឹមសត្វ ផ្គត់ផ្គង់ផ្ទះហូបបាយសមូហភាព ដោយកន្លងមកបានចិញ្ចឹមគោ២០ ក្បាល ដាំបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ជូនផ្ទះបាយសមូហភាព។លោកថា សកម្មភាពនេះរួមចំណែកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងសហការីពិនិត្យសកម្មភាពដាំដុះបន្លែ។ ឯកឧត្តមបានកោតសរសើរ មន្រ្តីនៃការិយាល័យអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការចិញ្ចឹមសត្វ និងបានដាំបន្លែផ្គត់ផ្គង់ផ្ទះបាយ របស់កងទ័ព នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលបានប្រមូលផ្ដុំហ្វឹកហ្វឺន នៅទីបញ្ជាការកងវរសេនាតូចលេខ៤៤៨ នាពេលកន្លងទៅ បានយ៉ាងល្អ។លោកបានណែនាំមន្រ្តីការិយាល័យអភិវឌ្ឍន៍ ជំរុញការដាំដុះបង្កបង្កើនផលបន្ថែមទៀត និងបន្តចិញ្ចឹមសត្វផ្សេងៗបន្ថែម ដើម្បីត្រៀមសម្រាប់រៀបចំពិធីជប់លៀង ផ្សេងៗ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ៕
ដោយ ៖ប៊ុន រដ្ឋា


