សំណង់ទ្វារទឹកព្រែកតាយី ដែលមានលទ្ធភាពស្តុកទឹកបានជាង៤០ម៉ឺនម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅសប្ដាហ៍ក្រោយ
កំពង់ចាម៖សំណង់ទ្វារទឹកព្រែកតាយី ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលមានលទ្ធភាពស្តុកទឹកជាង ៤០ម៉ឺន ម៉ែត្រគូបសម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ខាងមុខ។

នៅថ្ងៃទី១៣ ខែមីនា អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញពិនិត្យទីតាំងសាងសង់សំណង់ទ្វារទឹកនេះ ដែលស្ថិតនៅក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយី មានលទ្ធភាពស្តុកទឹក សម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នាចំនួន ១.៦៤៥គ្រួសារ ក្នុងនោះដំណាំស្រូវប្រាំងចំនួន ៤៣៤ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា។ ម៉្យាងទៀតការដ្ឋានមួយនេះ ក៏នឹងក្លាយជាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ភ្ជាប់ពីមូលដ្ឋានមកទីប្រជុំជន និងការដឹកជញ្ជូននានា។

បន្ទាប់ពីសំណង់ទ្វារទឹកសាងសង់រួចរាល់ ប្រជាពលរដ្ឋនៅក្នុងតំបន់នឹងទទួលបានចំណូលបន្ថែមពីការបង្កើនរដូវ ដាំដុះ ,កំណើនទិន្នផល,ការចិញ្ចឹមសត្វ ,ការបង្កើតមុខក្នុងតំបន់ ហើយក៏អាចក្លាយជាកន្លែងទេសចរណ៍ផងដែរ ៕
ដោយ៖លី ពៅ

