បញ្ជាការយោធាខេត្តបន្តជំរុញកម្លាំងចម្រុះឱ្យពង្រឹងការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ត្រូវបន្តសហការយ៉ាងសកម្ម ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ លោកបានកោតសរសើរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានធ្វើជាស្នូល មិនអាចខ្វះបានក្នុងការយាមល្បាតការពារ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការបង្ក្រាបទល្មើសនេសាទ នៅក្នុងតំបន់បឹងទន្លេសាបទទួលបានលទ្ធផលល្អប្រសើ។លោកបន្តថា ឯកឧត្តមអភិបាល បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យទទួលបានជោគជ័យ៕
ដោយ៖ ប៊ុន រដ្ឋា


