យូអិនព្រមានថា អ៊ីរ៉ង់ជិតផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ
តេហេរ៉ង់ ៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃពុធព្រមានថា មិនយូរទៀតទេ អ៊ីរ៉ង់នឹងផលិតបានគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង។
លោក Grossi បានប្រាប់កាសែតបារាំង Le Monde ក្នុងបទសម្ភាសន៍មួយថា វាប្រៀបដូចជាល្បែងផ្គុំរូប។ អ៊ីរ៉ង់មានបំណែក ហើយនៅថ្ងៃណាមួយ ពួកគេអាចដាក់ពួកវាជាមួយគ្នាបាន។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន IAEA អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ ២៧៤.៨ គីឡូក្រាម ឬស្មើនឹង ៦០ ភាគរយ។
កម្រិតនោះលើសពីកម្រិតដែលកំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ប៉ុន្តែនៅតែខ្វះកម្រិត ៩០ ភាគរយ ដែលត្រូវការសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរ។
បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា កំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលម្តងហើយម្តងទៀត និងថា វាមានគោលបំណងស៊ីវិល និងសន្តិភាពប៉ុណ្ណោះ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា