ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងគុណភាពបច្ចេកទេសព្យាបាលជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្ត កម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។

ការថ្លែងបែបនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ។ ដែលសិក្ខាសាលានេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំ កម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី លើកឡើងថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។

ក្រសួងសុខាភិបាលកំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់។ ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង ៤រួមគ្នាគឺ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍សុខាភិបាល ជាពិសេសធនាគាពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ទាំងអស់ក្នុងគម្រោងH-EQIP 2 ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីអត្ថប្រយោជន៍សុខភាពដល់ ប្រជាជន ដែលជាទ្រព្យធន ដ៏មានតម្លៃរបស់គ្រួសារ សង្គម និងប្រទេសជាតិ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner