ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ចាប់ពីខែមិនា ​ដល់ ខែឧសភា តែងរកអនុផលព្រៃឈើ ដោយបេះផ្លែគុយ ផ្លែសំរង និងក៏​ជា​រដូវ​លក់ផ្លែទុរេន ផ្លែសាវម៉ៅ

(កោះកុង)៖ គិតចាប់ពី ខែ មីនា មកដល់ ខែ ឧសភា ពលរដ្ឋនៅ​សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ខេត្តកោះកុងគឺជាពេលវេលា​ដែលត្រូវពឹងអាស្រ័យលើអនុផលព្រៃឈើ និងការលក់ផ្លែឈើដែល​ក្នុងនេះមានដូចជា ផ្លែទុរេន ផ្លែសាម៉ាវ កំពុងមានឈ្មោះ និងទីផ្សារល្អ។

គួរបញ្ជាក់ថាក្នុងប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើធម្មជាតិជាច្រើន ប្រជាពលរដ្ឋបានអាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។ សម្រាប់អនុផលព្រៃឈើដែលពលរដ្ឋទទួលបានគឺតាមរយៈបេះផ្លែឈើ រកទឹកឃ្មុំ រកផ្សិត បោចវល្លិ៍ រកឧស និងបន្លែស្លឹកនានាក្នុងព្រៃ។

លោក ឡុង កយ ជាប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹង​អារ៉ែង បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា សហគមន៍របស់លោក ត្រូវបានបង្កើតឡើងមក គឺផ្ដោតទៅលើការការពារព្រៃឈើ វប្បធម៌ បរិស្ថាន រកចំណូលពីភ្ញៀវទេសចរណ៍ តាមរយៈការជូនទៅតំបន់​កម្សាន្ត និងជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបាន សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកថាបច្ចុប្បន្នក្រៅពីរបរជាអ្នកបម្រើលើវិស័យទេសចរពលរដ្ឋក្នុងសហគមន៍បានពឹងអាស្រ័យ ទៅលើអនុផលព្រៃឈើក្នុងនេះ​ដូចជា​ខែមីនាដល់ខែ ឧសភានេះគឺពលរដ្ឋបានដើររើសផ្លែសំរង បេះផ្លែគុយ ផ្លែកកោជាដើម។ក្រៅពីនេះចាប់ពីចុងខែមេសាទៅក៏ដល់រដូវផ្លែទុរេ សាម៉ាវ ដែលពលរដ្ឋបានដាំ ហើយលក់លើទីផ្សារ ហើយផ្តល់ចំណូលខ្ពស់ដល់ពួកគាត់។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងបានឱ្យដឹងបន្ថែមថាក្រោយការបង្កើតអេកូទេសចរណ៍ស្ទឹងអារ៉ែងគឺបានផ្តល់នូវផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងនេះដូចជាឱកាសការងារពិសេសទៅលើសេវាទេសចរណ៍តែម្តង។

លោក ឡុង កយ បាននិយាយថា នៅទីនេះតំបន់កម្សាន្តធំៗមានដូច​ជា​៖ ភ្នំម្រេចកង្កែប គឺជាតំបន់ដែលអាចមើលឃើញទេសភាព ថ្ងៃរះ និងសមុទ្រពពក និងតំបន់ទឹកធ្លាក់ ។នៅទីនេះ តំបន់ទឹកធ្លាក់ មានច្រើនជាងតំបន់ទេសភាព ។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងរូបនេះបានឱ្យដឹងផងថាតំបន់ទេសចរណ៍សំខាន់ៗនៅស្ទឹងអារ៉ែងនេះមានចំនួន៤កន្លែងគឺទី១តំបន់ទេសភាពមានតំបន់ម្រេចកង្កែប តំបន់បុរាណប្រវត្តិ​សាស្រ្តមានពាងបុរាណ ក្នុងពាងនេះមានឆ្អឹង បុព្វបុរសជនជាតិដើម​នៃជនជាតិជង តំបន់ទឹកធ្លាក់មានច្រើនកន្លែង ដូចជា ឆាយយោង ឆាយខ្ពស់ ឆៃតាប៉ាង ឆៃហាដែត និងតំបន់សត្វកម្រ ដូចជាត្រីនាគ និង ក្រពើភ្នំជាដើម។សម្រាប់ចំណុចសំខាន់បំផុតនៅតំបន់អារ៉ែង​ដែលរក្សាបានដូចសព្វថ្ងៃនេះគឺព្រៃឈើ សត្វព្រៃ និងធម្មជាតិ។

លោកឡុងកយបានឱ្យដឹងបន្ថែមថា៖លក្ខខណ្ឌធនធានធម្មជាតិ​ដ៏អស្ចារ្យ​ នៃតំបន់ដងស្ទឹងអារ៉ែង ដែលជាទីតាំងសម្បូ​រទៅដោយ​ព្រៃភ្នំ ជ្រោះជ្រង ជ្រលង ដងអូរ និងសត្វព្រៃគ្រប់ប្រភេទ ជាពិសេស​ជាតំបន់ដែលមាននូវធនធានសត្វព្រៃកម្រច្រើនប្រភេទដូចជាក្រពើភ្នំ, ត្រីនាគ ដែលភ្ញៀវទេសចរ អាចជិះទូកតាមដងស្ទឹងមកមើល​សតស្វ​ក្រពើ ត្រីនាគចាប់ពីអំឡុងខែ៦ ខែ៧ យើងអាចមើលពួកវាឃើញ​នៅតាមមាត់ទឹក ។ សម្រាប់ភ្ញៀវទេសចរអាចចំណាយពេលនៅតំបន់​ដងស្ទឹងអារ៉ែង ដើម្បីស្វែង យល់ពីវិធីសាស្រ្តក្នុងការបិតស្រាបែប បុរាណ របាំប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ម្ហូបអាហារ ជាដើម។

លោកបានប្រាប់ថាសម្រាប់ឆ្នាំ២០២៤កន្លងមកមានភ្ញៀវទេសចរចូលកម្សាន្តតាមសហគម៍មានចំនួនជាង២ពាន់នាក់។សម្រាប់ឆ្នាំ២០២៥គិតពីដើមឆ្នាំមកដល់ជិតចុងខែមេសានេះភ្ញៀ់វទេសចរដែលមកតាមសហគមន៍នេះដែរមានចំនួនជាង៣០០នាក់ផងដែរ។

សម្រាប់ភ្ញៀវទេសចរចូលកម្សាន្តនៅសហគមន៍នេះច្រើនជាងភ្ញៀវបរទេសពីព្រោះថាតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ ជីវចម្រុះ ជាដើម។ក្រៅពីនេះតំបន់មួយនេះជាជួរភ្នំក្រវាញខាងត្បូងដែលជា​ឧទ្យានជាតិរបស់ក្រសួងបរិស្ថាន និងសហគមន៍ រួមគ្នាថែរក្សា អភិរក្ស ដោយសម្បូរដោយសក្តានុពលធម្មជាតិដ៏ល្អឯកជាទីចូលចិត្តរបស់មនុស្សទូទៅ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner