រដ្ឋមន្ត្រីការពារជាតិអាមេរិក រងការចោទថា ប្រាប់ប្រពន្ធពីផែនការយោធា

បរទេស ៖ ប្រធានមន្ទីរបញ្ចកោណអាមេរិក លោក Pete Hegseth បានច្រានចោល របាយការណ៍ដែលថា លោកបានចែករំលែកព័ត៌មានយោធាដ៏រសើប ទៅដល់ភរិយារបស់ខ្លួន។

កាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា លោក Hegseth បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធា នៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោក។ ប៉ុន្តែ លោក Hegseth បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «ប្រព័ន្ធផ្សព្វផ្សាយ បានយកប្រភពអនាមិក ពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញ កេរ្តិ៍ឈ្មោះ»។

ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។ វិទ្យុសាធារណៈជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សេតវិមានបានចាប់ផ្តើមដំណើរការ ស្វែងរករដ្ឋមន្ត្រីការពារជាតិថ្មី ដោយដកស្រង់សម្តី របស់មន្ត្រីអាមេរិកម្នាក់។

ប៉ុន្តែ លេខាធិការសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធដោយនិយាយថា ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។

យ៉ាងណាមិញ អតីតអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនម្នាក់ បាននិយាយ នៅក្នុងអត្ថបទមួយ ចុះផ្សាយនៅកាសែត Politico ថា «មានរយៈពេលមួយខែ នៃភាពចលាចល នៅមន្ទីរបញ្ចកោណ»។ ប្រភពបានបន្តថា «រដ្ឋមន្ត្រីការពារជាតិ Pete Hegseth ប្រហែលជាកាន់តំណែងនេះ មិនយូរទេ»៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner