រដ្ឋបាលខេត្តបាត់ដំបង ចង់បានអ្នកជំនាញបច្ចេកទេសឥណ្ឌាមកជួយលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
បាត់ដំបង៖ក្នុងជំនួបផ្លូវការមួយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្ត ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលខេត្តបាត់ដំបងស្តីទី បានជម្រាបឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូ
តឥណ្ឌាប្រចាំកម្ពុជា អំពីតម្រូវការអ្នកបច្ចេកទេសពីប្រទេសឥណ្ឌា មកជួយសិក្សាលើការបណ្តុះពូជស្រូវ និងពូជដំណាំកសិ-ឧស្សាហកម្មផ្សេងៗ ខណៈដែលខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលលើវិស័យកសិកម្ម។
ក្នុងជំនួបដដែលឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទីក៏បានជម្រាបជូនភ្ញៀវពីស្ថានភាពភូមិសាស្រ្ត,ប្រជាសាស្រ្ត សក្ដានុពលសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមព្រំដែន ដ៏ប្រទាក់ក្រឡាជាមួយភាគីថៃ។ជាពិសេសសក្ដានុពលដ៏សម្បូរបែបលើវិស័យកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម។
ខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ប៉ុន្តែនៅខ្វះការវិនិយោគផ្នែកឧស្សាហកម្ម និងកែច្នៃវេចខ្ចប់ កសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងស្រុក ក្រៅស្រុក និងក្នុងតំបន់។ដោយស្ថានភាពយ៉ាងដូច្នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានសំណូមឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាជួយផ្សព្វផ្សាយ និងកៀរគរដល់វិនិយោគិនឥណ្ឌា មកស្វែងយល់ពីឱកាសវិនិយោគលើទឹកដីប្រកបដោយសក្តានុពលនេះ ខណៈរដ្ឋបាលខេត្តបាត់ដំបងរង់ចាំស្វាគមន៍ គាំទ្រជានិច្ច។
ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តដំបូងគេសម្រាប់ដំណើរទស្សនកិច្ច របស់ឯកឧត្តម បន្ទាប់ពីឯកឧត្តមចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ឯកឧត្តមបន្តថាប្រទេសឥណ្ឌាបានផ្តល់នូវអាហារូបករណ៍ជាច្រើន សម្រាប់និស្សិតកម្ពុជា ប្រសិនបើរដ្ឋបាលខេត្តបាត់ដំបង មានសិស្សនិស្សិតចង់ដាក់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសឥណ្ឌាលើជំនាញផ្សេងៗ ដូចជាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម អាចទាក់ទងទៅស្ថានទូតបាន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.



