សាលាបឋមសិក្សាគគីរ ទទួលបានអគារសិក្សាថ្មីមួយខ្នងពីអង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រួមជាមួយម្ចាស់អំណោយ បានអញ្ជើញរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួនមួយខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
អគារសិក្សានេះមានបណ្ដោយ ២៧ម៉ែត្រ ,ទទឹង ៨ម៉ែត្រ ,កម្ពស់៣ម៉ែត្រ,ដំបូលប្រក់ក្បឿង ដោយចំណាយថវិកាចំនួន ៤៤ ០០០ ដុល្លារអាមេរិកដែលជាអំណោយរបស់អង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង។
ក្នុងឱកាសនោះលោក ហ្សង់ ហ្វីលីព (Jean Philippe BRUN) ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំងបានឱ្យដឹងថា បឹងទន្លេសាបជានិម្មិតរូបដ៏សំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជា និងជាឈ្មោះដែលអង្គការយកជាតំណាងនៃភាពស្រលាញ់បរិស្ថាន និងជួយសង្គម។លោកបន្តថារយៈពេល១២ឆ្នាំកន្លងមកនេះ អង្គការរបស់លោកបានជួយសាងសង់ និងជួសជុលសាលារៀនជាច្រើននៅតំបន់ជនបទ ព្រោះគោលបំណងនៃអង្គការរបស់លោកគឺរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ៕
ដោយ៖ប៊ុនរដ្ឋា




