សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២៥ ។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា អស់រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួម មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ ក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ ។

លោក Kevin Whitcraft បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក ល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធ្ងន់ធ្ងន់ម៉ាក Fuso ជាដើម ។

លោក Kevin Whitcraft បានគូសរំលេចថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយាន យន្តនៅ កម្ពុជា។ ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ ប្រជា ពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន ។

ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងផងដែរថា ក្រៅពីការនាំចូលរថយន្តមក ចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុន បានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា។ កាលពី ឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើន កន្លែងទៀត។ បន្ថែមពីលើនោះ ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា ។

បើតាមលោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បាន ផ្លាស់ ប្តូរច្រវាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែល អាចបង្កើនសមត្ថភាពផលិតរថយន្តលើសពី ១០,០០០គ្រឿង ក្នុងមួយឆ្នាំ ។ កាន់តែពិសេសនោះ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ ជាអន្តរ ជាតិ លើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។

លោក Kevin Whitcraft បានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន បានដំឡើងរថយន្តសរុបចំនួន ៧,៤៩២គ្រឿងរួចមកហើយ រួមមាន៖ រថយន្ត Ford Ranger Pick Up (Wildtrak, XLT, XL) និង រថយន្ត Ford SUV (Ford Everest Titanium, Ford Everest Sport, និង Ford Territory ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner