ចម្ការផ្កាស្បៃរឿងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅតែទាក់ទាញបេះដូងអ្នកស្រឡាញ់រូបថត
កំពង់ចាម៖ទោះជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ និងកន្លងផុតទៅជាច្រើនថ្ងៃហើយក្តី តែចម្ការផ្កាស្បៃរឿងដែលស្ថិតនៅក្បែរស្ពានគីហ្សូណា ជាស្ពានឆ្លងទន្លេមេគង្គដ៏ធំប្រចាំខេត្តកំពង់ចាមនៅទាក់ទាញប្រជាពលរដ្ឋក្នុងខេត្ត អ្នកទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់មិនអាចរំលងហួស ដោយមិនឈប់ផ្តិតយកទិដ្ឋភាពចម្ការបុប្ផាដ៏ធំល្វឹងល្វើយនេះឡើយ។
ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីបង្កើតលំហទេសចរណ៍រូបភាព និងពិសេសដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តបានរៀបចំសួនចម្ការផ្កាស្បៃរឿងចំនួន ៥ម៉ឺនដើមលើផ្ទៃដីជាងមួយហិកតានៃសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។សួននេះស្ថិតនៅមិនឆ្ងាយពីស្ពានគីហ្សូណា ។អ្នកធ្វើដំណើរឆ្លងកាត់ស្ពានប្រវែងជាងមួយគីឡូម៉ែត្រនេះ នឹងអាចមើលឃើញទិដ្ឋភាពចម្ការផ្កា ដែលប្រៀបបាននឹងកម្រាលព្រំពណ៌លឿងស្រស់ ជាប់ដងទន្លេមេគង្គ។ជាមួយនឹងបច្ចេកទេសដាំដុះ ផ្កាស្បៃរឿង ក៏បានលូតលាស់ និងបញ្ចេញផ្កាចំពេលចូលឆ្នាំថ្មីតែម្តង។
ក្រោមជំនោរខ្យល់រំភើយៗ ដោយនាំមកជាមួយនូវក្លិនប្រហើរនៃផ្កាស្បៃរឿងផង បានទាក់ទាញអារម្មណ៍អ្នកស្រឡាញ់ធម្មជាតិ ពិសេសអ្នកថតរូបភាព ឱ្យឈប់ផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយនេះដោយមិនខកខាន។
ទោះជាចម្ការផ្កាជាប់ច្រាំងទន្លេមិនអាចរក្សាបានពេញមួយឆ្នាំដោយសារកម្ពស់ទឹកទន្លេក្តី តែរាល់រដូវទឹកសម្រកសួនបុប្ផាមួយនេះតែងតែបង្ហាញវត្តមានជានិច្ច។
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យរដ្ឋបាលក្រុងរៀបចំសួនផ្កាស្បៃរឿងនេះឡើង ដើម្បីបង្កើតបរិស្ថានល្អ បង្កើនសោភណភាព និងដើម្បី ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យនឹកឃើញខេត្តកំពង់ចាមជានិច្ច៕
អត្ថបទនិងរូបភាព៖លី ពៅ












