នាយករដ្ឋមន្ត្រីកម្ពុជា មិនហាមលើការនាំចូលរថយន្ដមួយទឹក មកពីក្រៅប្រទេសនោះទេ
(ពោធិ៍សាត់)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសមិនហាមឃាត់ ក្នុងការនាំរថយន្តមួយទឹក ឬជជុះពីខាងក្រៅប្រទេស ចូលមកកម្ពុជានោះទេ ប៉ុន្តែការនាំចូលរថយន្តមួយទឹកនោះ ត្រូវមានការត្រួតពិនិត្យពីបច្ចេកទេសសុវត្ថិភាព គុណភាព ឱ្យបានត្រឹមត្រូវ (ឆៀក) ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រើប្រាស់រថយន្ដ ដែលមានក្រុមហ៊ុន ផលិតក្នុងស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល នៅពេលត្រូវការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងមានសេវាកម្មថែទាំល្អប្រសើរផងដែរ ។
សម្ដេចធីបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនចាប់បង្ខំ ឬកាត់ផ្ដាច់ការនាំចូលរថយន្ដមួយទឹក មកពីក្រៅប្រទេសនោះទេ ពោល គ្រាន់តែបង្ក លក្ខណៈងាយស្រួល ធ្វើយ៉ាងណាឲ្យរថយន្ដ ផលិតក្នុងស្រុក មានតម្លៃទាប ហើយពលរដ្ឋ មានលទ្ធភាពក្នុងការទិញប្រើ ។
សម្តេច បានលើកឡើថា ការលើកលែងបន្ធូរបន្ថយពន្ធតាមប្រភេទណាមួយ បានជួយសម្រួលឱ្យមានផលិតរថយន្តនៅក្នុងស្រុក និងដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពក្នុងការទិញរថយន្តជិះក្នុងតម្លៃសមរម្យទាំងឡានថ្មី ដែលផលិតដោយក្រុមហ៊ុនល្បីនៅក្នុងស្រុក ឬឡាន មិនផលិតក្នុងស្រុក ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានបង្កើតជម្រើសទីផ្សារសេរីដល់ប្រជាពលរដ្ឋក្នុងការទិញរថយន្ត ។ ដូច្នេះ រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យមានបង្កើតក្រុមហ៊ុនផលិតរថយន្ត ផ្តុំរថយន្តនៅកម្ពុជា គឺជាគោលការណ៍មួយដែលត្រូវដោះស្រាយ ។
ចំពោះការដោះស្រាយបញ្ហាផលិតរថយន្ត ផ្តុំរថយន្តជាគោលការណ៍របស់រាជរដ្ឋាភិបាល ហើយមិនដាក់លក្ខខណ្ឌណាមួយ ក្នុងការមិននាំចូលរថយន្តចាស់ចូលនោះទេ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសនៅបណ្តាប្រទេសអាស៊ាន បានហាមឃាត់មិនឱ្យមានការនាំចូលឡានចាស់នោះទេ ។ ប៉ុន្តែកម្ពុជា អត់មានការហាមឃាត់នោះទេ តែត្រូវពិនិត្យស្តង់បច្ចេកទេសសុវត្ថិភាព ឱ្យបានត្រឹមត្រូវ ៕





ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ