សម្ដេចធិបតី ៖ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ឱកាស និងផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅហួស មកហួស សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ ។
សម្តេចធិបតី បានបន្ថែមថា ត្រឹមរយៈពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើនដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារ បានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។
ជាមួយគ្នានេះ, សម្តេចធិបតី បានលើកឡើងដែរថា ថ្ងៃនេះ យើងក្លាយជាអ្នកផលិតរថយន្ត និងនាំចេញទៅក្រៅ មកពីគ្រប់ម្ចាស់ផលិតកម្ម នៃបណ្តាប្រទេស និងក្រុមហ៊ុនល្បឺៗ ដូចជា សហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កូរ៉េ ជាដើម ។ ជាមួយនឹងសមិទ្ធផលនេះ, រាជរដ្ឋាភិបាល ក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈសម្រាប់ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សា ទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យវិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។ ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ, សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាទំនុកចិត្ត ដ៏សំខាន់របស់វិនិយោគិន, ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគ បន្ថែម តួយ៉ាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នេះ បានអភិវឌ្ឍខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ដែលទទួលបាន អំពីការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ, និង ២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិតក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្ត ដែលផលិតក្នុងប្រទេសកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យ។
ទន្ទឹមនឹងភាពវិជ្ជមាននេះ, សម្តេចធិបតី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារ ចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែងវិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជូនវិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេស អាចទុកចិត្តយើង និងពង្រីកសេវាកម្មនៅយើង។ ដូចនេះ, យើងត្រូវខិតខំបន្តទៀត។ ភ្ជាប់ជាមួយនេះ, រាជរដ្ឋាភិបាលកំពុងដាក់គោលនយោបាយ និងលើកទឹកចិត្ត ក្រុមហ៊ុនឱ្យខិតខំជំរុញការផលិតគ្រឿងបង្គំក្នុងស្រុក ដែលកម្ពុជា អាចមានលទ្ធភាព និងសមត្ថភាពផលិតក្នុងស្រុកបាន ជាមួយគុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយការនាំចូលពីខាងក្រៅ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង” ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញការពិនិត្យ និងពង្រីកស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ បង្កលក្ខណៈងាយស្រួល និងបន្ថែមជម្រើស ដល់ប្រជាពលរដ្ឋដែលបានជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសាកថ្ម និងប្រើប្រាស់ បានកាន់តែងាយស្រួល និងស្របតាមតម្រូវការ។ សម្តេច បានសង្កត់ធ្ងន់ថា នេះជាការលើកកម្ពស់ការប្រើប្រាស់ និងការគ្រប់គ្រងថាមពលស្អាត នៅកម្ពុជា ៕









ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ