ហាម៉ាស់បញ្ចេញវីដេអូចំណាប់ខ្មាំងដ៏កម្រ
បរទេស ៖ ក្រុមប្រដាប់អាវុធហាម៉ាស់ បានបញ្ចេញវីដេអូដ៏កម្រមួយ បង្ហាញពីចំណាប់ខ្មាំងម្នាក់ ដែលនៅរស់រាន មានជីវិត។
កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យ បានបញ្ចេញវីដេអូ ដែលបង្ហាញពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលម្នាក់ រស់នៅក្នុងតំបន់ហ្គាហ្សា ដែលនិយាយតាមទូរស័ព្ទ ជាភាសាហេប្រ៊ូ។
វេទិកាចំណាប់ខ្មាំង និងគ្រួសារបាត់ខ្លួន បានកំណត់អត្តសញ្ញាណបុរសរូបនេះ ឈ្មោះថា Elkana Bohbot ដែលត្រូវបានចាប់ពង្រត់ ចេញពីកន្លែង រៀបចំពិធីបុណ្យតន្ត្រីមួយ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស់ ដែលបានបង្កឱ្យមានសង្រ្គាម នៅហ្គាហ្សា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
គួររម្លឹកថា មានចំណាប់ខ្មាំង ២៥១នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារ កាលពីឆ្នាំ២០២៣។ ក្នុងនោះ មានចំណាប់ខ្មាំង៥៨នាក់ទៀត នៅតែត្រូវបានឃុំខ្លួន នៅហ្គាហ្សា ខណៈដែលទាហានអ៊ីស្រាអែលថា ក្នុងចំណោមនេះ មាន៣៤នាក់ បានស្លាប់ គិតត្រឹមពាក់កណ្តាលខែមេសា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត