គ.ជ.ប បង្ហាញពីលទ្ធផលកិច្ចប្រជុំផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥នេះបានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងវីដេអូអប់រំ ដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
ក្រោយពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយ អង្គប្រជុំ គ.ជ.ប បានកែ សម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចមួយចំនួន។ ជាមួយគ្នានេះអង្គប្រជុំ គ.ជ.ប បានឯកភាពដូចជា៖ក្នុងនេះបានសម្រេចឱ្យកែសម្រួលឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ពិនិត្យមើល និងកែសម្រួលវីដេអូអប់រំចំនួន ៥ប្រភេទ ហើយបាន សម្រេចលើវីដេអូអប់រំទាំងនោះដើម្បីផ្សព្វផ្សាយ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងពិធីនេះបានថ្លែងដោយធ្វើការណែនាំឱ្យអគ្គលេខាធិការ គ.ជ.ប ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដាក់បញ្ចូលក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការងារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាលើកក្រោយ៕


ដោយ ៖ ម៉ាដេប៉ូ