លោកជំទាវនាយករដ្ឋមន្រ្តីថៃនឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជានៅ​ថ្ងៃពុធនេះ

ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់​កម្ពុជានៅវេលាម៉ោង​៩:៥០នាទីព្រឹក​ថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​​នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា​​រយៈពេលពីរ​ថ្ងៃ​ចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបាន​ឱ្យដឹងថាតបតាមការអញ្ជើញរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ទស្សនកិច្ចរបស់លោកជំទាវនាយក​រដ្ឋមន្ត្រីថៃកើតមាន​ឡើងស្របពេលដែល​ព្រះ​រាជាណាចក្រទាំងពីរប្រារព្ធ​ខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវ​ចំណង​មិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។

ពិធីបដិសណ្ឋារកិច្ចផ្លូវការ​នឹងប្រារព្ធនៅវិមានសន្តិភាព បន្ទាប់មកលោកជំទាវ​នាយក​រដ្ឋមន្ត្រីថៃ និង​សម្តេចបវរធិបតីនាយក​រដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យ​កាន់តែស៊ីជម្រៅ និងពង្រីក​បន្ថែម​ទៀតនូវកិច្ចសហ​ប្រតិបត្តិ​ការដែលមានផលប្រយោជន៍ទៅវិញ​ទៅមក។ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏នឹងធ្វើជាសាក្សី​នៅក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​ឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធ​និមិត្តសញ្ញាខួប​អនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកជំទាវ​នាយករដ្ឋ​មន្ត្រីនឹងមាន​ជំនួប​សម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
គណៈប្រតិភូនឹងធ្វើដំណើរនិវត្តន៍នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner