វៀតណាមព្រមានថា ទំនិញខុសច្បាប់ជាច្រើននឹងនាំចូលទៅអាមេរិក ដើម្បីគេចពីការតំឡើងពន្ធ

បរទេស៖ ប្រទេសវៀតណាមបានព្រមានថា ទំនិញខុសច្បាប់ជាច្រើន នឹងត្រូវនាំចូលទៅក្នុងសហរដ្ឋអាមេរិក ដើម្បីអាចគេចវេស ពីការតំឡើងពន្ធ របស់លោកប្រធានាធិបតី Donald Trump នេះបើតាមទីភ្នាក់ងារព័ត៌មាន cnbcបានចុះផ្សាយ កាលពីថ្ងៃអង្គារ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានព្រមានដូច្នេះ ក្រោយពេលដែលក្រសួងទើបបានបង្ក្រាប លើការដឹកជញ្ជូនទំនិញខុសច្បាប់ ទៅកាន់សហរដ្ឋអាមេរិក និង ដៃគូពាណិជ្ជកម្មផ្សេងៗទៀត ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ព្យាយាមជៀសវាង ការតំឡើងពន្ធ។

នៅក្នុងសេចក្តីប្រកាស ដែលបានចុះកាលបរិច្ឆេទ ថ្ងៃទី១៥ ខែមេសា ក្រសួងបានអះអាងថា ការក្លែងបន្លំពាណិជ្ជកម្ម ទំនងជាកើនឡើង ចំពេលមានភាពតានតឹង ដែលបណ្តាលមកពីពន្ធគយ របស់សហរដ្ឋអាមេរិក។ ប្រភពបន្តថា សកម្មភាពខុសច្បាប់ទាំងនេះ ធ្វើឡើង ដើម្បីជៀសវាង ការដាក់ទណ្ឌកម្មពន្ធ របស់អាមេរិក។ ក្រសួងថា ស្ថានភាពនឹងកាន់តែស្មុគស្មាញ ប្រសិនបើការក្លែងបន្លំ មិនត្រូវបានរារាំងទាន់ពេល។

ក្រោយការបង្ក្រាបលើការដឹកជញ្ជូនខុសច្បាប់ ចូលទឹកដីអាមេរិក មន្ត្រីក្រសួងពាណិជ្ជកម្ម, គយ និងភ្នាក់ងារផ្សេងៗទៀត របស់វៀតណាម ត្រូវបានប្រាប់ ឱ្យពង្រឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេស វត្ថុធាតុដើម នាំចូលសម្រាប់ផលិត និងនាំចេញ។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មវៀតណាម មិនបានបញ្ជាក់ជាក់លាក់ ដែលថាការក្លែងបន្លំដឹកជញ្ជូននេះ មានប្រភពដើមទំនិញ ពីប្រទេសណាមួយ នោះទេ។

ប្រទេសវៀតណាម ត្រូវបានរដ្ឋបាល Trump គ្រោងតំឡើងពន្ធ ៤៦% ដែលបច្ចុប្បន្ន ត្រូវបានផ្អាក រហូតដល់ខែកក្កដា សិន។ ប្រសិនបើអនុវត្តមែន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វៀតណាម ដែលពឹងផ្អែកលើការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារកំពូលរបស់ខ្លួន ហើយអាមេរិក គឺជាដៃគូវិនិយោគដ៏ធំ របស់វៀតណាម ជាប្រទេសដែលសម្បូរ ដោយរោងចក្របរទេស៕

ប្រភពពី cnbc ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner