Trump ថាមិនចង់បណ្តេញប្រធានធនាគារកណ្តាលទេ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា លោកគ្មានចេតនា ក្នុងការបណ្តេញប្រធាន ធនាគារកណ្តាល ចេញពីតំណែងនោះទេ។
លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានគម្រោងបណ្តេញ លោក Jerome Powell ប្រធានធនាគារកណ្តាល ចេញពីតំណែងនោះទេ។ ជាការលើកឡើង បន្ទាប់ពីលោកប្រធានាធិបតីបានរិះគន់ លោក Powell លើការព្រមានដែលថា គោលនយោបាយពន្ធគយ របស់សេតវិមាន ទំនងជានឹងធ្វើឱ្យអតិផរណាកើនឡើង។
លោក Trump បាននិយាយថា «ខ្ញុំគ្មានបំណង បណ្តេញគាត់ទេ តែ ខ្ញុំចង់ឃើញគាត់ សកម្មជាងមុនបន្តិច ទាក់ទងនឹងគំនិតរបស់គាត់ ក្នុងការបញ្ចុះអត្រាការប្រាក់ វាជាពេលវេលា ដ៏ល្អឥតខ្ចោះ ដើម្បីបញ្ចុះអត្រាការប្រាក់»។
លោក Trump បាននិយាយ ម្តងហើយម្តងទៀតថា លោកចង់កាត់បន្ថយ អត្រាការប្រាក់ នៅពេលនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ចំពេលដែលលោកចាប់ផ្តើមផែនការពន្ធ ហើយបានគំរាមបណ្តេញលោក Powell ប្រសិនបើលោក មិនអនុវត្តតាម។ លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រសិនបើខ្ញុំចង់គាត់ចេញ គាត់នឹងចេញពីទីនោះ លឿន សូមជឿខ្ញុំ»។
ជាការកត់សម្គាល់ ក្រោយការផ្ទុះពាក្យសម្តី រវាងលោកត្រាំ និងប្រធានធនាគារកណ្តាលមក ក្រុមអ្នកវិនិយោគិន នៅផ្សារហ៊ុន Wall Street បានបោះចោលទ្រព្យសកម្ម របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដោយសន្ទស្សន៍សំខាន់ៗទាំងបី បានធ្លាក់ចុះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
