ទីបំផុត! អ៊ុយក្រែន-រុស្ស៊ីព្រមជួបគ្នាដោយផ្ទាល់
បរទេស ៖ នៅទីបំផុត! ភាគីរុស្ស៊ី និងអ៊ុយក្រែនបានត្រៀមខ្លួនជួបចរចាគ្នា ដោយផ្ទាល់ ពោលគឺបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរ បានបង្ហាញពីឆន្ទៈដូចគ្នា ក្នុងការជួបតទល់ ស្វែងរកបទឈប់បាញ់។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាជាមួយរុស្ស៊ី ដោយលោកអះអាងថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការជួបដោយផ្ទាល់ ជាមួយវិមានក្រឹមឡាំង បន្ទាប់ពីបទឈប់បាញ់។ ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់អ្នកកាសែត ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុងគៀវ ថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើរឿងនេះ បន្ទាប់ពីបទឈប់បាញ់ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយចរចា ក្នុងទម្រង់ណាមួយ»។
ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេលមួយថ្ងៃ ដែលមេដឹកនាំរុស្ស៊ី បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជានិច្ចសម្រាប់ការចរចា បញ្ចប់សង្គ្រាម។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រូបលោកបើកចិត្តជានិច្ច ចំពោះការចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់សង្គ្រាម ជាង៣ ឆ្នាំកន្លងមកនេះ ហើយចេតនារបស់រុស្ស៊ីដូច្នេះ ត្រូវបានមើលឃើញថា ជាបំណងជួបគ្នាលើកដំបូង តាំងពីមានសង្គ្រាមមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
