សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។

លោកជំទាវ នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហ​ប្រតិបត្តិ​ការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ អញ្ជើញធ្វើជាសាក្សី​នៅក្នុងពិធី​ចុះ​ហត្ថលេខា លើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗមួយចំនួនផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ។ ទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្ត្រីថៃ ស្របពេល​ព្រះ​រាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។

សូមរំលឹកថា ក្នុងខែមករាដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបាន​ទឹកប្រាក់ ជាង ៣៧០ លានដុល្លារអាមេរិក កើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​ប្តេជ្ញាជំរុញ​ពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រេច​បាន​ជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥ភាគរយ ក្នុងនោះ កម្ពុជា នាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ។​​ចំណែក​​ថៃ នាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner