ក្រុមការងារសាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤ គ្រួសារនៅស្រុកកំពង់រោទិ៍
ស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៤ គ្រួសារ (ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ៣ ខ្នង ) រស់នៅភូមិស្វាយចេក ឃុំសំឡីបីគ្រួសារ និងនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ មួយគ្រួសារ ។
ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង កន្ទេលជ័របត់ ឃីតមួយកញ្ចប់( មុង ភួយ ក្រមា សារុង និង ថវិកា)។ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែមនូវ កៅស៊ូតង់ ធុងទឹកជ័រ ឆ្នាំងបាយ-សម្ល និងថវិកា ២០ ម៉ឺនរៀល៕
ដោយ៖នុតនាង