ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា ចាត់ទុកស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងកម្ពុជា និងថៃ មានលក្ខណៈវិជ្ជមានច្រើន
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ។ ទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្ត្រីថៃ ស្របពេលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។
ជំវិញដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានចាត់ទុកទំនាក់ទំនងការទូតផ្លូវការរយៈពេល ៧៥ ឆ្នាំនេះ ត្រូវបានគេអត្ថាធិប្បាយថា ជាទំនាក់ទំនង ស្អប់-ស្រឡាញ់, លេច-អណ្ដែត ។ ត្បិតយើងឃើញ បញ្ហាប្រឈមមួយចំនួន នៅក្នុងទំនាក់ទំនងនេះ ដោយពេលខ្លះក៏ល្អ ពេលខ្លះក៏មិនសូវល្អ ។ ដូច្នេះ បញ្ញាប្រឈម ដែលលេចឡើងនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺបញ្ហាធំទី១ ទាក់ទងនឹងបញ្ហាព្រំដែន ខណៈប្រទេសទាំងពីរ មិនទាន់មានខ្សែបន្ទាត់ព្រំដែនមួយដាច់ស្រេច ច្បាស់លាស់ជាមួយគ្នា ដែលនៅចំណុចខ្លះ កំពុងមានភាពប្រទាញប្រទង់ ។ បញ្ហាប្រឈមទី២ គឺចរន្តជាតិនិយមនៃប្រទេសទាំងសងខាង ដែលហៅថា ផ្នត់គំនិតស្អប់ថៃ ផ្នត់គំនិតស្អប់ខ្មែរ ដែលមានក្នុងចំណោមអ្នកជាតិនិយមខ្មែរ ក៏ដូចជាក្នុងចំណោមអ្នកជាតិនិយមថៃ ហើយបញ្ហា អារម្មណ៍ជាតិនិយមទាំងអស់នេះ គឺត្រូវបានដុតបញ្ឆេះបន្ថែមដោយអ្នកនយោបាយទាំងសងខាង ។ ជាមួយគ្នានេះ បញ្ហាប្រវត្តិសាស្ត្រ បញ្ហាវប្បធម៌ បញ្ហាទំនៀមទម្លាប់ប្រពៃណីផ្សេងៗ ក៏សុទ្ធតែជាបញ្ហាប្រឈមដែលមាននៅក្នុងទំនាក់ទំនងផ្លូវការរវាងកម្ពុជា និងថៃ នារយៈពេល ៧៥ឆ្នាំ កន្លងមកនេះ ។
អ្នកជំនាញរូបនេះ ក៏បានលើកឡើងពីចំណុចសំខាន់ មួយចំនួន ដោយចាត់ទុកស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងថៃ មានលក្ខណៈវិជ្ជមានច្រើន ដែលមើលទៅលើថ្នាក់ដឹកនាំកម្ពុជា ជាអ្នកបន្តវេន រីឯថ្នាក់ដឹកនាំថៃ ក៏ជាអ្នកបន្តវេន ។ ដូចនេះ ជាទិដ្ឋភាពនយោបាយ រវាងភាគីទាំងពីរ មានទំនុកចិត្តខ្ពស់ណាស់ ដោយសារតែ ថ្នាក់ដឹកនាំទាំងពីរ សុទ្ធតែទទួលមរតកនយោបាយ ពីឪពុករៀងៗខ្លួន ខណៈឪពុករបស់នាយករដ្ឋមន្ត្រីទាំងពីរ គឺជាអ្នកដែលមានទំនាក់ទំនងជាបុគ្គលស៊ីជម្រៅណាស់ ។
ចំណុចសំខាន់មួយទៀត គឺគណបក្សកាន់អំណាច រវាងប្រទេសទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ដោយថ្នាក់ដឹកនាំគណបក្សទាំងពីរ ក៏មានភាពត្រូវរូវគ្នាខាងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺមានទស្សនៈរួមច្រើន ។ ម៉្លោះហើយ នេះជាមូលដ្ឋានគ្រឹះសំខាន់ ។
ចំណុចសំខាន់ទី៣ គឺ ទំហំពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងមិនអាចមើលរំលងបាន ពីព្រោះ យើងមើលទៅពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំធំណាស់ ហើយការវិនិយោគ របស់ថៃ នៅកម្ពុជា មានច្រើនជាងគេ ។
ចំណុចសំខាន់ទី៤ យើងមើលឃើញថា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ក្រៅពីពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ យើងក៏មើលឃើញទេសចរណ៍ថៃ បានកំពុងឈរកំពូលតារាង ដែលមកលេងប្រទេសកម្ពុជា ហើយដែលនេះ គឺជាសញ្ញាមួយល្អ និងជាការបង្ហាញភាពកក់ក្តៅ ទៅវិញទៅមក នៃរដ្ឋាភិបាលប្រទេសទាំងពីរ ។
លោកបណ្ឌិត គិន ភា យល់ឃើញថា ដំណើរទស្សនកិច្ចនេះ ពិតជាសំខាន់ ដែលផ្ដល់អាទិភាពដល់អ្នកក្បែរខាង មានន័យថា ទាំងកម្ពុជាក្តី ទាំងថៃក្តី គឺតម្កល់នូវទំនាក់ទំនងការទូត ភាពជាអ្នកជិតខាងល្អ ដែលមានអត្ថន័យសម្រាប់ការរួមរស់ជាមួយគ្នា ស្របតាមទស្សនៈវិជ្ជមាន ៕
ដោយ ៖ វណ្ណលុក