ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលដំណើរការលើទីលានប្រកួតចំនួន៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តកណ្តាល)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ឆ្នាំ២០២៥ បានដំណើរការប្រកួតហើយ កាលពីថ្ងៃទី២២ ខែ មេសា ម្សិលមិញ លើ៣ប្រភេទកីឡា មានបាល់ទាត់ បាល់បោះ និងបាល់ទះ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រភេទកីឡាទាំង៣ ដែលត្រូវប្រកួតចម្រាញ់រកជើងខ្លាំងតំណាងខេត្តត្រៀមចូលរួមការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេស ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានៅពេលខាងមុខនេះ បានដំណើរការប្រកួតលើ៣ទីលាន មានដូចជា៖ កីឡាបាល់ទាត់ដំណើរការលើទីលានពហុកីឡដ្ឋានខេត្តកណ្តាល បាល់បោះដំណើរការនៅទីលានវិទ្យាល័យហ៊ុន សែន តាខ្មៅ ទាំងបុរសនិងនារី និងកីឡាបាល់ទះ ដំណើរការលើទីលានកីឡាបាល់ទះក្បែស្នងការនគរបាលខេត្តកណ្តាល។

លោក បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ថ្ងៃបើកការប្រកួតដំបូងនៃការប្រកួតជ្រើសរើសនេះ ផ្នែកកីឡាបាល់ទាត់ ពូលA ក្រុមបាល់ទាត់យុវជន សិរីបន្ទាយដែក ប៉ះក្រុមបាល់ទាត់យុវជនបក្សសីក្រហម ជាលទ្ធផល ក្រុមបាល់ទាត់យុវជន សិរីបន្ទាយដែក យកឈ្នះបក្សសីក្រហម ក្នុងលទ្ធផល៧ទល់និង០។ពូលBក្រុមបាល់ទាត់យុវជនME FC បានប្រកួតយកឈ្នះក្រុមបាល់ទាត់យុវជនលើកដែក ក្នុងលទ្ធផល៣ទល់និង០។ខណៈមួយក្រុមទៀត ពូលAក្រុមបាល់ទាត់យុវជន គ្រេត Z FC ប្រកួតយកឈ្នះ ក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរ័ន្មទី៧ក្នុងលទ្ធផល៣ទល់និង១។

សម្រាប់កីឡាបាល់បោះនៅទីលានវិទ្យាល័យហ៊ុន សែន តាខ្មៅ ផ្នែកនារី ក្រុមបាល់បាល់បោះ ហេបភីចាន់តារ៉ា បានប្រកួតយកឈ្នះ ក្រុមបាល់បោះយុវនារីស្រុកកណ្តាលស្ទឹងក្នុងលទ្ធផល៤០ទល់និង៨។ខណៈក្រុមបាល់បោះបុរស២ក្រុម គឺ ដឹលីដែន បានប្រកួតយកឈ្នះ ក្រុមបាល់បោះ សេអ៊ូលក្នុងលទ្ធផល៥៩ទល់៤៧ រីឯក្រុមបាល់បោះ ក្លឹបរុកគី បានប្រកួតយកឈ្នះក្រុមបាល់បោះ យុវជនស្រុកកណ្តាលស្ទឹង ក្នុងលទ្ធផល ៤៥ទល់២៥។

ដោយឡែក សម្រាប់កីឡាបាល់ទះ ដំណើរការប្រកួតលើទីលានបាល់ទះក្បែស្នងការនគរបាលខេត្តកណ្តាល ផ្នែកនារី វិទ្យាល័យហ៊ុន សែន តាខ្មៅ បានប្រកួតយកឈ្នះក្រុមបាល់ទះនារី ហេបភីចាន់តារ៉ា ក្នុងលទ្ធផល៣សិតទល់និង០។ក្រុមបាល់ទះនារី វិទ្យាល័យព្រែកស្លែង បានប្រកួតចាញ់ ក្រុមបាល់ទះនារី រួមចិត្តតែមួយ ក្នុងលទ្ធផល០ទល់៣សិត ។រីឯក្រុមបាល់ទះបុរស ក្រុមបាល់ទះយុវជន ព្រែកស្លែង បានយកឈ្នះ ក្រុមបាល់ទះយុវជនបក្សីឆ្លងដែន ដោយលទ្ធផល៣ទល់០ ដោយ ក្រុមបាល់ទះយុវជនបក្សីឆ្លងដែនបោះបង់ការប្រកួត។ ក្រុមបាល់ទះយុវជននគរបាលខេត្តកណ្តាល បានប្រកួតយកឈ្នះ ក្រុមបាល់ទះយុវជនវិទ្យាល័យហ៊ុន សែន តាខ្មៅ ក្នុងលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ឆ្នាំ២០២៥ ដំណើរប្រកួតរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៥ ដោយមាន៣ប្រភេទកីឡាបាល់ទាត់ បាល់បោះ និងបាល់ទះ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner