លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលកម្ពុជា និងថៃ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅព្រះរាជាណាចក្រកម្ពុជា គឺតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់មកលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត កិច្ចប្រជុំទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បន្ទាប់មកនឹងមានពិធីចុះហត្ថលេខា និងពិធីសម្ពោធនិមិ្មតសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ។

លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។
ចំណែកនៅរសៀលថ្ងៃទី២៣ ខែមេសា នេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ ក៏នឹងជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាផងដែរ។

តាមកម្មវិធី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ កើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner