អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងជប៉ុន

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងជប៉ុន មកពីគណបក្សជំនាន់ថ្មី (Reiwa Shinsengumi) លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) ដែលបានស្នើទៅរដ្ឋាភិបាលជប៉ុនដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម ត្រូវជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជន គឺជាការមិនត្រឹមត្រូវនោះទេ។

ឯកឧត្តម ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ ស្មើមុខស្មើសិទ្ធិជាមួយប្រទេសដទៃទៀត ក្នុងនាមសមាជិកអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាឡើយ។ បើនិយាយអំពីសិទ្ធិមនុស្សវិញ គឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជានេះហើយ គឺជាបិតាសិទ្ធិមនុស្សតាមរយៈការរំដោះប្រជាពលរដ្ឋចេញពីរបបខ្មែរក្រហម។ បន្តដោយការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យកម្ពុជាមានឯកភាពជាតិទាំងស្រុង ហើយមានឱកាសកសាង និងអភិវឌ្ឍន៍ជាតិ។ សម្តេចតេជោ និងថ្នាក់ដឹកនាំដទៃទៀតក៏បានការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរម្តងទៀតនៅក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យសង្គមកម្ពុជាមានស្ថេរភាព និងមានឱកាសបន្តនៅការកសាង និងការអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបានបន្តថា ផ្អែកលើមូលដ្ឋានទាំងនេះ និងក្រោមការដឹកនាំបន្តប្រកបដោយភាពឆ្លាសវៃ និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យកម្ពុជានៅបន្តរក្សាបានយ៉ាងគត់មត់នៅស្ថេរភាពជាតិ ហើយនិងកំណើនសេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់។ ពាក់ព័ន្ធជាមួយកំណើ់នសេដ្ឋកិច្ចនេះ អ្វីដែលជាភស្តុតាងបញ្ជាក់ដែលយើងមិនអាចប្រកែកបាន គឺកាលពីចុងឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រដល់កម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខនេះ។ ការរក្សាបាននៅស្ថេរភាពសង្គមជាមួយនឹងកំណើនសេដ្ឋកិច្ចជាលំដាប់នេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីធានាឱ្យពលរដ្ឋក្នុងការទទួលបាន ក៏ដូចជាការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ចំពោះលទ្ធិប្រជាធិបតេយ្យ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំការពាររបបនេះបានយ៉ាងល្អប្រសើរនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសតំណាងតាំងពីឆ្នាំ១៩៩៣ មក កម្ពុជាបានបន្តរៀបចំការបោះឆ្នោតជាទៀងទាត់៥ឆ្នាំម្តង ដោយមិនធ្លាប់មានការពន្យារពេល ឬក៏ផ្អាកការបោះឆ្នោតនៅក្នុងអាណត្តិណាមួយឡើយ។ ហើយរួមទាំងការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា ក៏ដូចជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនឹងនេះឃើញថា ក្នុងការបោះឆ្នោតាមអាណត្តិនីមួយៗ ទាំងសកល និងអសកល គឺគណបក្សទាំងអស់មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ស្របច្បាប់ ដើម្បីទាក់ទាញក៏ដូចជាប្រមែប្រមូលនៅសម្លេងគាំទ្រគណបក្សរបស់ខ្លួន។ បន្ថែមលើនេះទៀត ឃើញថារាល់ការបោះឆ្នោត ម្តងៗ គឺប្រជាពលរដ្ឋក៏ដូចជាអង្គបោះឆ្នោតបានចេញទៅប្រើប្រាស់ សិទ្ធិ សេរីភាពរបស់ខ្លួនដោយសេរី ដោយគ្មានការរិតត្បិតការគំរាមកំហែង ឬការបំភិតបំភ័យណាមួយឡើយ។

ឯកឧត្តមបានបន្តទៀតថា រីឯការលើកឡើងថា មានការធ្វើទុក្ខបុកម្នេញលើសកម្មជននានា គឺជាការលើកឡើងមួយដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះថារាល់វិធានការច្បាប់ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ និងរឹងមាំទាំងអង្គហេតុ និងអង្គច្បាប់។ ហេតុនេះមុននឹងការវាយតម្លៃ ឬសន្និដ្ឋានណាមួយគេគួរតែពិនិត្យមើលឱ្យបានច្បាស់ថា តើបុគ្គលនោះគេបានធ្វើអីពិតប្រាកដ? ជៀសវាងកុំសន្និដ្ឋានដោយផ្អែកលើបុគ្គលនោះជានរណា ការដែលគ្រាន់តែសន្និដ្ឋានដោយផ្អែកទៅលើបុគ្គលនោះជានរណាដោយមិនបានផ្អែកលើអ្វីដែលបុគ្គលនោះបានប្រព្រឹត្ត គឺជាការសន្និដ្ឋានមួយដែលមិនត្រឹមត្រូវ ហើយក៏ជាការសន្និដ្ឋានមួយដែលប្រាស់ចាកនិងមិនស្របទៅតាមគោលការណ៍នីតិរដ្ឋផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានសំណូមពរទៅដល់សមាជិកសភាដែលបានលើកសំណើខាងលើនេះ សូមមេត្តាពិនិត្យករណី ក៏ដូចជាស្ថានភាពនីមួយៗ ឱ្យបានច្បាស់លាស់ដោយផ្អែកលើបរិបទជាក់ស្តែងនៅក្នុងប្រទេសនីមួយៗ ហើយត្រូវគោរពទៅដល់គោលការណ៍ និងលិខិតបទដ្ឋានអន្តរជាតិជាធរមាន និងគួរជៀសវាងកេងចំណេញនយោបាយ ឬក៏ចង់បានប្រជាប្រិយភាពដោយផ្អែកទៅលើអ្វីដែលមិនមែនជាការពិត៕
ដោយ៖ពលជ័យ

ads banner