ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាល់ការសាងសង់គ្រប់ប្រភេទត្រូវគិតគូរអំពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងរកវិធីការពារដើម្បីជៀសវាងការខាតបង់សេដ្ឋកិច្ចក្នុងពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតឱ្យមានការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ទៅលើការកសាងសំណង់ផ្សេងៗ និងរកវិធីសាស្ត្រកែច្នៃសំណង់ទាំងនោះធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ទៅថ្ងៃមុខពីការប្រែប្រួលអាកាសធាតុ និងជៀសវាងកុំឱ្យមានការប្រឈមនូវការខាតបង់ផ្នែកសេដ្ឋកិច្ចផងដែរ ។ នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ជាពេលវេលាដែលត្រូវកំណត់ពីអនាគតរបស់យើង ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវប្រើប្រាស់ឱកាសនេះឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព ។

នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្ដីពីការអនុវត្តគំនិតផ្ដួចផ្ដើមកាតាលីករសកលសម្រាប់ជំរុញវឌ្ឍនភាពប្រកបដោយសមធម៌ក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ពីព្រោះមានការចូលរួមពីថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីន ដោយឯកឧត្តមរំពឹងទុកថាយើងនឹងមានការឯកភាពគ្នាទៅលើអ្វីដែលយើងនឹងសហការអនុវត្តលើចំណុចរួម ដែលកម្ពុជាគួរបោះជំហានឱ្យបានត្រឹមត្រូវនាពេលខាងមុខនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា រជ្ជកាលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជារជ្ជកាលដែលកម្ពុជានឹងប្រែក្លាយទៅជារដ្ឋទំនើបមួយ ហើយអាយុជីវិតជាតិរបស់យើងនឹងនៅគង់វង្សជាមួយយើងជារៀងរហូត ប៉ុន្តែលុះត្រាតែយើងទាំងអស់គ្នាត្រូវរួមគ្នាគិតឱ្យបានត្រឹមត្រូវ ក្នុងនោះចំពោះវិស័យឧស្សាហកម្មសំណង់ ត្រូវគិតគូរអំពីការរក្សាសិទ្ធិរបស់កម្មករសំណង់ ដោយត្រូវមានថវិកាជាមូលនិធិមួយសម្រាប់ជួយដល់ពួកគាត់ និងត្រូវគិតគូរធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងកូនចៅរបស់ពួកគាត់បានទទួលការសិក្សាអប់រំគ្រប់ៗគ្នា ទទួលបានការលំហែ និងសុភមង្គល ក្នុងគ្រួសារ ហើយការកសាងសំណង់អគាររឺលំនៅឋានផ្សេងៗ ត្រូវគិតគូរពីតម្លៃសមស្របនិងមានអត្រាការប្រាក់សមរម្យ ដែលអាចឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញ និងចូលរស់នៅបានងាយស្រួល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner