ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាពុទ្ធិ ដែលមិនអាចខ្វះបានចំពោះមនុស្សគ្រប់វ័យ ព្រោះមនុស្សគ្រប់រូប ត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ

(ភ្នំពេញ)៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹង និងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់សាច់ប្រាក់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាពុទ្ធិ ដែលមិនអាចខ្វះបានចំពោះមនុស្សគ្រប់វ័យ ពីព្រោះមនុស្សគ្រប់រូប ត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងសមាគម ក្រុមអាជីវកម្មមុខរបរទាំង ១៥ក្រុម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។

ឯកឧត្តម បញ្ជាក់ថា គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំ និងការវិនិយោគដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត។ ជារួម ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចំរើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា ។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ដែរថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទិន្នន័យរបស់ World Economic សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ ៤៩,១% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលបានផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើន រួមមាន៖ កង្វះខាតក្នុងការទទួលបានសេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិ ជាដើម ។

លោកជំទាវបន្តថា ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការមួយចំនួន សំដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធក្នុងការទទួលបានហិរញ្ញប្បទាន ព្រមទាំងបានលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពឱ្យកាន់តែកាន់តែទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងចៀសវាងការប្រើប្រាស់មិនចំគោលដៅ ដែលបង្កើតជាហានិភ័យបំណុលលើសលុប ។

លោកជំទាវទេសាភិបាល បានបន្ថែមថា តាមរយៈសិក្ខាសាលានេះ យើងមានគោលបំណងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីគោលការណ៍ហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ហើយយើងក៏អាចបង្កើតវេទិកាដែលអាចអនុញ្ញាតឱ្យបុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុកាន់តែទូលាយរបស់កម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner