សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខែមេសា ឆ្នាំ២០២៥ ខណៈលោកជំទាវ អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថា លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ។

បន្ទាប់ពីអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។

លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគី ដោយបានពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ អញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា លើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗចំនួន ៧ ផងដែរ ៕
ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

