សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តី ថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀត ក្នុងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងរឹងមាំ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តី ថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទំាងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែលលោកជំទាវបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី២៣និង២៤ខែមេសាឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពិតជាមានក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្ត ថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ឆ្នាំមកនេះ ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ សមិទ្ធិផល និងវឌ្ឍនភាពនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀតផង។
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតដល់លោកជំទាវនិងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះ។
លោកជំទាវ ផែថងថាន បានថ្លែងការកោតសរសើរពីភាពដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងនៅកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានរដ្ឋសភា ។ លោកជំទាវ គូសបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ជាថ្នាក់ដឹកនាំស្រ្តីមួយរូបពោរពេញដោយបទពិសោធន៍ និងជាគំរូ។
ជាមួយគ្នានេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលដ៏ជោគជ័យនៃជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា កាលពីព្រឹកមិញ ដោយនៅក្នុងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទំាងពីរបានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧និងបានសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចប្រធានរដ្ឋសភា ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនថៃចំពោះការបាត់ប់ងជីវិត និងជនរងគ្រោះ ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបណ្តាលមកពីការរញ្ជួយដីនាពេលថ្មីៗនេះ បន្ថែមពីលើសារលិខិតដែលបានផ្ញើជូនរាជរដ្ឋាភិបាលនិងសភាថៃហើយនោះ។
ជាមួយគ្នានេះ បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រ នៃប្រទេសកម្ពុជា និង ថៃ មានមូលដ្ឋានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានជំរុញដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ







