ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ បានបង្ហាញភាពស្និទ្ធស្នាល ជាពូ និងក្មួយ

(ភ្នំពេញ)៖ លោកជំទាវនាយករដ្ឋមន្ត្រីថៃ បានហៅសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា ជាពូ ខណៈដែលសម្ដេចតេជោ បានហៅលោកជំទាវនាយករដ្ឋមន្ត្រីថា ជាក្មួយស្រី យ៉ាងស្និទ្ធស្នាល ។ នេះបើតាមឯកឧត្តម ជា ធារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅ កម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជា ដែលដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចលើកទីមួយក្នុងឋានៈជានាយករដ្ឋមន្ត្រី ។ សម្ដេចតេជោ បានចាត់ទុកវត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីនៅកម្ពុជាពេលនេះ គឺចំខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាផ្លូវការ ដែលញ៉ាំងឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតរំលែកនូវមរណៈទុក្ខ និងសោកស្ដាយចំពោះគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ។

សម្ដេចតេជោ ក៏បានអបអរសាទរចំពោះការពិភាក្សាគ្នា ប្រកបដោយផ្លែផ្ការវាងលោកជំទាវ និងសម្ដេចធិបតី ដោយមានការចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដឹកជញ្ជូន បរិស្ថាន និងការតភ្ជាប់ជាដើម ។ សម្ដេចតេជោ រំពឹងថា ភាគីទាំងពីរ នឹងខិតខំធ្វើកិច្ចការងារជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត ។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ បានជម្រាបជូនសម្ដេចតេជោ ដោយថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានទទួលស្វាគមន៍លោកជំទាវ និងប្រតិភូយ៉ាងកក់ក្តៅ និងអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម នៅក្នុងឱកាសនេះ ។ លោកជំទាវ បានសម្ដែងក្តីត្រេកអរយ៉ាងខ្លាំងដែលបានជួបសម្ដេចសារជាថ្មី និងបានមកដល់ប្រទេសកម្ពុជាសារជាថ្មី។ ក្នុងឱកាសនេះ លោកជំទាវបានរំលេចនូវអនុស្សាវរីយ៍រវាងសម្ដេចតេជោ និងឪពុករបស់លោកជំទាវ គឺលោក ថាក់ស៊ីន ដោយលោកជំទាវបានលើកឡើងថា សម្ដេចតេជោ និងលោក ថាក់ស៊ីនដែលជាឪពុករបស់លោកជំទាវ គឺជាបងប្អូនធម៌នឹងគ្នា ។ លោកជំទាវបន្តថា ទោះបីជំនួបរវាងលោកជំទាវ ជានាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ជាប្រធានព្រឹទ្ធសភា ក៏លោកជំទាវនៅតែហៅសម្ដេចតេជោ ថា ពូ ដោយសារតែទំនាក់ទំនងឯកជនរវាងសម្ដេចតេជោ និងឪពុករបស់លោកជំទាវ មានភាពជិតស្និទ្ធ ។

លោកជំទាវ បានរំលេចដែរថា លោកជំទាវ និងសម្ដេចធិបតី ពិតជាមានសំណាងណាស់ ដែលមានឪពុក សុទ្ធសឹងជាអតីតនាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលពូកែ និងជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗ ក្នុងការដឹកនាំប្រទេសជាតិ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំភើបដែលលោកជំទាវ បានរំលឹកនូវអនុស្សាវរីយ៍ ក៏ដូចជា ទំនាក់ទំនងរវាងសម្ដេចតេជោ ជាមួយនឹងឪពុករបស់លោកជំទាវ គឺលោក ថាក់ស៊ីន ដែលជាបងប្អូនធម៌នឹងគ្នា ។ សម្ដេចតេជោ បានរំលេចថា ទំនាក់ទំនងរបស់សម្ដេចជាមួយនឹងលោក ថាក់ស៊ីន គឺយូរអង្វែងមកហើយ និងតែងតែសួរសុខទុក្ខ បារម្ភពីគ្នា ជួយគ្នាគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ ដែលជាទំនាក់ទំនងមួយដ៏ល្អបន្ថែមទៀត ក្រៅតែពីទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ ក៏បានរំលេចដែរថា ទោះបីនៅក្នុងជំនួបនេះ ដោយមានរឿងខ្លះនិយាយក្នុងក្របខណ្ឌជាប្រធានព្រឹទ្ធសភា ជាមួយលោកជំទាវនាយករដ្ឋមន្ត្រី ប៉ុន្តែសម្ដេច ក៏ហៅលោកជំទាវ ថា ជាក្មួយស្រីផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតអរគុណចំពោះលោកជំទាវនាយករដ្ឋមន្ត្រី ដែលបានជួយយកចិត្តទុកដាក់លើពលករកម្ពុជា កំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលកន្លងមក ក៏ដូចជា បច្ចុប្បន្ន ដែលសម្ដេច ថា ពលករកម្ពុជា បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយពលករនោះទៀតសោត ក៏កំពុងជួយដល់សេដ្ឋកិច្ចរបស់ថៃផងដែរ ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាទាក់ទងទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយ ក៏ដូចជាបញ្ហាសង្គ្រាមពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន ដោយសម្ដេចតេជោ បានបញ្ជាក់ថា ក្នុងជំនួបជាមួយលោកជំទាវនៅពេលនេះ ចំពេលដែលពិភពលោកទាំងមូល កំពុងតែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយជាស្ថានភាពមួយដ៏លំបាក កំពុងរង់ផលប៉ះពាល់នាពេលនេះ ។

សម្ដេចតេជោ បន្តថា ទន្ទឹមនឹងការជួបនូវការលំបាកនេះ ភាគីទាំងពីរ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយពង្រីកទំហំពាណិជ្ជកម្មក្នុងនាមជាប្រទេសជិតខាងគ្នានិងប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជា តាមរយៈក្របខណ្ឌអាស៊ាន ក៏ដូចជាអាសិបជាដើម ដើម្បីធ្វើយ៉ាងណាពង្រីកនៅទំហំពាណិជ្ជកម្ម ការនាំចេញនិងនាំចូលរវាងប្រទេសទាំងសងខាង ឲ្យកាន់តែមានការកើនឡើងថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner