លោក Musk ចង់ដេញថ្លៃសង់គម្រោងខែលការពារមីស៊ីលលើលំហររបស់លោក Trump

វ៉ាស៊ីនតោន ៖ លោក Elon Musk មហាសេដ្ឋីពិភពលោក និង ជាទីប្រឹក្សាជំនិតលោកប្រធានាធិបតីអាមេរិក Donald Trump បានចេញមុខដឹកនាំសាងសង់គម្រោង Golden Dome ដែលជាគំរោងបង្កើតខែលការពារលើលំហរ ពីការវាយប្រហារនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីការពារសហរដ្ឋអាមេរិកទាំងមូល។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ក្រុមហ៊ុន SpaceX របស់លោក Musk កំពុងចាប់ដៃគូជាមួយ Palantir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា AI និង Anduril ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតយន្តហោះដ្រូន លើការដេញថ្លៃសាងសង់ផ្នែកសំខាន់ៗ នៃគម្រោង Golden Dome របស់លោកប្រធានាធិបតី ត្រាំ។ នេះជាការទាក់ទាញចំណាប់អារម្មណ៍ពីវិស័យការពារជាតិយ៉ាងខ្លាំង។

គម្រោងបង្កើតខែលការពារលើលំហរនេះ កើតឡើងក្រោយលោក ត្រាំ ធ្លាប់លើកឡើងនៅក្នុងបទបញ្ជាប្រតិបត្តិការកាលពីថ្ងៃទី២៧ ខែមករាថា ការវាយប្រហារដោយមីស៊ីល គឺជាការគំរាមកំហែងដ៏មហន្តរាយបំផុត ដែលអាមេរិកត្រូវប្រឈមមុខ។

សហគ្រិនរបស់ក្រុមហ៊ុនទាំងបី គឺជាអ្នកគាំទ្រនយោបាយដ៏សំខាន់របស់លោកប្រធានាធិបតី Trump ដោយលោក Musk គឺជាបុគ្គលដែលធ្លាប់បរិច្ចាគប្រាក់រាប់លានដុល្លារដើម្បីជួយលោក Trump ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។ ហើយឥឡូវនេះ លោក Musk គឺជាទីប្រឹក្សាពិសេសរបស់លោកប្រធានាធិបតី Trump និងជាប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល ដែលមានតួនាទីកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល។

តាមប្រភពបានឱ្យដឹងទៀតថា ក្រុមហ៊ុនទាំងបីបានជួបជាមួយមន្រ្តីកំពូលនៅក្នុងរដ្ឋបាលរបស់លោក Trump ក្នុងការដាក់ផែនការសាងសង់ និងការបាញ់បង្ហោះផ្កាយរណបពី ៤០០ ទៅ ១.០០០ ផ្កាយរណបជុំវិញផែនដី ដើម្បីតាមដានការបាញ់មីស៊ីលនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។

ទោះបីជាមានសញ្ញាវិជ្ជមានពីក្រុមហ៊ុន SpaceX លើគម្រោងនេះក៏ដោយ ក៏មានប្រភពមួយចំនួនបានសង្កត់ធ្ងន់ថា ដំណើរការសម្រេចចិត្តសម្រាប់គម្រោង Golden Dome របស់លោក Trump គឺស្ថិតនៅក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ ដែលរចនាសម្ព័ន្ធចុងក្រោយ និងអ្នកដែលត្រូវជ្រើសរើសធ្វើការលើគម្រោងនេះ អាចនឹងមានការផ្លាស់ប្តូរនៅប៉ុន្មានខែខាងមុខនេះ។

ផ្អែកតាមកាសែតរ៉យទ័រ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៦ ហើយការដាក់ពង្រាយពេញលេញនៅឆ្នាំ ២០៣០ ខណៈការចំណាយសរុបសម្រាប់គម្រោង Golden Dome ត្រូវបានគេរាយការណ៍ថា អាចឈានដល់រាប់រយពាន់លានដុល្លារ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner