លោក Zelensky ថាគ្មានថ្ងៃទទួលស្គាល់គ្រីមៀជារបស់រុស្សី ពេលអាមេរិកគ្រោងទទួលស្គាល់
វ៉ាស៊ីនតោន ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខប្រកាសក្តែងៗនៅចំពោះមុខអ្នកកាសែតកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងគ្មានថ្ងៃឱនក្បាលទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរបស់រុស្ស៊ីជាដាច់ខាត។
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលស្គាល់តំបន់គ្រីមៀ ជារបស់រុស្ស៊ីជាផ្លូវការ នៅក្នុងផែនការសន្តិភាពដែលត្រៀមបង្ហាញក្នុងកំលុងកិច្ចប្រជុំទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះ។
លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា គ្រីមៀគឺជាទឹកដីរបស់យើង … ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង។
មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានព្រមានថា ពេលណា យើងចាប់ផ្តើមនិយាយអំពីគ្រីមៀ អំពីទឹកដីអធិបតេយ្យរបស់យើង នោះយើងនឹងឈានចូលទម្រង់នៃការអូសបន្លាយសង្រ្គាម … នេះជាអ្វីដែលរុស្ស៊ីចង់បាន។
តំបន់គ្រីមៀ បានរៀបចំធ្វើប្រជាមតិចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។ យ៉ាងណា ទាំងអ៊ុយក្រែន និង អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន នៅតែបន្តប្រកាសមិនទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះជាដាច់ខាត៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា