ក្រសួងកសិកម្ម និង អង្គការ FAO ត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បាន ត្រៀមរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់។
ក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)នាថ្ងៃទី២២ខែមេសាដែល ធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថាក្នុងកិច្ចសហការរវាងក្រសួង ជាមួយអង្គការ (FAO) និងរដ្ឋបាលជលផល នេះធ្វើឡើងដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ័សាត់ នាចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីសម្រេចគោលដៅ ក្នុងបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានពិត និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន អំពីសមិទ្ធផលនៃការគ្រប់គ្រងធនធានជលផលទឹកសាបនៅកម្ពុជា។
លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានចំនួន ២០នាក់ មកពីស្ថាប័នសារព័ត៌មានគ្រប់ទម្រង់ចំនួន ១០ស្ថាប័ន នឹងអញ្ជើញទៅទស្សនាតំបន់អភិរក្សព្រៃលិចទឹកសំខាន់ៗមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ផ្តិតយករូបភាពជាក់ស្តែង ជួបសម្ភាសផ្ទាល់ប្រជាសហគមន៍ មន្ដ្រីជំនាញ និងអង្គភាពពាក់ព័ន្ធ យកទៅផ្សព្វផ្សាយបន្ត។
សូមបញ្ជាក់ថា ដំណើរការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាននេះ គឺជាផ្នែកមួយនៃកម្មវិធី «ទិវាភពផែនដី» ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ នាថ្ងៃខាងមុខនេះ៕
ដោយ ៖ ម៉ាដេប៉ូ






