រយៈពេល ៣ខែ នៃដើមឆ្នាំ២០២៥ ដែនជម្រកសត្វព្រៃលំផាត់ដក​ហូត​អន្ទាក់បានជាង ៣០០ខ្សែ

(ភ្នំពេញ)៖ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ក្រុមល្បាត​សហគមន៍នៃដែនជម្រកសត្វព្រៃលំផាត់បានដកហូតអន្ទាក់ចំនួន ៣២២ខ្សែ និងសំណាញ់ចាប់សត្វចំនួន ២។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងថាទោះអន្ទាក់មិនអាចដោះអស់ពីក្នុងព្រៃនោះទេ ប្រសិនបើមនុស្សនៅតែបរិភោគសាច់សត្វព្រៃ ហេតុនេះហើយ​ទើបបងប្អូនពលរដ្ឋរស់នៅសហគមន៍បាន អំពាវនាវដល់សាធា​រណជន​គ្រប់រូបរួមគ្នាប្រឆាំងនឹងការបរិភោគសាច់សត្វព្រៃ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថាគោលបំណងនៃការល្បាតធ្វើឡើងដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ ឬធនធានធម្មជាតិនានា ព្រមទាំងត្រួតពិនិត្យ និងកត់ត្រាអំពីជីវ:ចម្រុះ និងជម្រកនៅក្នុងតំបន់ការពារទាំងនោះ។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា នៅដែនជម្រកសត្វព្រៃលំផាត់ សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤រួមមាន សហគមន៍តំបន់ការពារធម្មជាតិអូររៃ សហគមន៍តំបន់ការពារធម្មជាតិអូរគរគី សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និងសហគមន៍តំបន់ការពារធម្មជាតិរវាក់ និងក្រុមអភិរក្សជីវ:ចម្រុះចំនួន២គឺ ក្រុមអភិរក្សជីវ:ចម្រុះស្រែជ្រៃ និងក្រុមអភិរក្សជីវ:ចម្រុះកូនវ៉ា បាននិងកំពុងអនុវត្តកិច្ចការល្បាតនៅក្នុងតំបន់ការពារសហគមន៍របស់ពួកគេ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងដែរថាការមិនបរិភោគសាច់សត្វព្រៃតទៅទៀតនឹងបញ្ឈប់សកម្មភាពការបរបាញ់ ការដាក់​អន្ទាក់ ការបំពុលនិងជួញដូរសត្វព្រៃគឺដើម្បីថែរក្សា និងអភិរក្ស​សត្វព្រៃ​របស់យើងឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner